(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា ជាការធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងបង្កអស្ថិរភាពនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង បន្ទាប់ពីទូកមួយគ្រឿងរបស់ហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិនបុកគ្នា នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ចិន និងហ្វីលីពីន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុខាងលើដែលបានកើតឡើងអំឡុងហ្វីលីពីនដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ សម្រាប់ទាហានរបស់ខ្លួនមួយក្រុមតូចដែលឈរជើង នៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ Second Thomas Shoal នៃទីប្រជុំកោះ Spratly។ តំបន់ថ្មប៉ប្រះទឹក នេះគឺជាចំណុចក្ដៅរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ហើយមុនមួយថ្ងៃមានហេតុការណ៍បុកគ្នានេះ ហ្វីលីពីនក៏បានចោទឆ្មាំសមុទ្រចិនផងដែរថាបាន ប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិកអំពាវនាវឱ្យចិនអនុវត្តតាម សាលក្រមតុលាការអន្តរជាតិ និងបញ្ឈប់រាល់ការធ្វើសកម្មភាពបង្កគ្រោះថ្នាក់ និងអស្ថិរភាព ហើយក៏បានបញ្ជាក់ជាថ្មីដែរថាទីក្រុងវ៉ាស៊ីនតោននឹងឈរជាមួយ ហ្វីលីពីន ក្នុងការប្រឈមមមុខនឹងសកម្មភាពគ្រោះថ្នាក់ និងផ្ទុយទៅនឹងច្បាប់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះដុនដាបខ្លាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែល បាន និងកំពុងបោះដៃកាន់តែខ្លាំងទៅរកសហរដ្ឋអាមេរិក និងប្រឆាំងតបតទៅនឹងសកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង៕

រូបភាពពី Reuters