(ហ្សាការតា)៖ ក្រុមការងារជនភៀសខ្លួនជាតិឥណ្ឌូនេស៉ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឥណ្ឌូនេស៊ីនឹងបន្តដោះស្រាយជាមួយនឹងការហូរចូល នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រកបមនុស្សធម៌ បន្ទាប់ពីក្រុមជនភៀសខ្លួនជនជាតិភាគតិចចុងក្រោយបំផុត បានមកដល់ខេត្ត Aceh
ភាគខាងលិចបំផុតរបស់ប្រទេស ចំពេលមានការតស៊ូជំទាស់ពីអ្នកស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ទូកពីរដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៣០០នាក់ បានចូលចតនៅឆ្នេរសមុទ្រដាច់ដោយឡែកពីគ្នា ក្នុងតំបន់ Aceh Besar និង Pidie នៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ ពួកគេភាគច្រើនជាស្ត្រី និងកុមារ ដែលបានចាកចេញពីជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសកាលពីខែមុន ហើយបានរសាត់នៅលើផ្ទៃសមុទ្រ Andaman អស់ជាច្រើនសប្តាហ៍។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,២០០ នាក់បានមកដល់ខេត្ត Aceh តាំងពីពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំងពីអាជ្ញាធរមូលដ្ឋាន និងអ្នកស្រុកដែលបានគំរាមរុញពួកគេឱ្យត្រឡប់ទៅសមុទ្រវិញ។ ក្រុមការងារជនភៀសខ្លួនជាតិឥណ្ឌូណេស៊ី បាននិយាយថា សុវត្ថិភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ាគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។
លោក Eros Shidqy Putra សមាជិកនៃក្រុមការងារបានប្រាប់សារព័ត៌មាន Arab News ថា «យើងនឹងបន្តដោះស្រាយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដោយមនុស្សធម៌ ទោះបីជាអ្នកស្រុកជាច្រើនកំពុងបដិសេធពួកគេក៏ដោយ»។ ដោយលោកបានបន្ថែមថា «អាទិភាពចម្បងរបស់យើង គឺសុវត្ថិភាពរបស់ពួកគេ។ សម្រាប់អ្នកស្រុក Aceh យើងក៏កំពុងព្យាយាមលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពជនភៀសខ្លួនផងដែរ»។
គួរបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនបានប្រឈមមុខ នឹងការរងទុក្ខវេទនាជាច្រើនទស្សវត្សរ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានពិពណ៌នាថា ជា «ជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញខ្លាំងជាងគេបំផុតក្នុងពិភពលោក» ដោយអង្គការសហប្រជាជាតិ។
ក្នុងឆ្នាំ ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៣០,០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស បន្ទាប់ពីការបង្រ្កាបយ៉ាងឃោរឃៅ ដោយយោធាមីយ៉ាន់ម៉ាដែលអង្គការសហប្រជាជាតិបានហៅថា ជាអំពើប្រល័យពូជសាសន៍។ សម្រាប់រយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ជនភៀសខ្លួនបានរស់នៅក្នុងជំរុំដ៏ចង្អៀតណែនក្នុងទីក្រុង Cox's Bazar នៃប្រទេសបង់ក្លាដែស ជាកន្លែងដែលជំនួយមនុស្សធម៌បានធ្លាក់ចុះ និងប្រឈមនឹងអសន្តិសុខ។
អង្គការសហប្រជាជាតិបាននិយាយកាលពីដើមឆ្នាំនេះថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ៣,៥០០ នាក់ បានប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់កាលពីឆ្នាំ ២០២២ ដោយមានអ្នកស្លាប់ឬបាត់ខ្លួនជាង ៣៤០ នាក់ ដែលបង្ហាញពី «អារម្មណ៍នៃភាពអស់សង្ឃឹម» ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស៕
រូបភាពពី Reuters