(សាណា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចលនាក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន បានប្រកាសថា ពួកគេនឹងកំណត់គោលដៅលើកប៉ាល់ទាំងអស់ ដែលឆ្ពោះទៅប្រទេសអ៉ីស្រាអែល ដោយពុំខ្វល់ថាពួកវា ជាកម្មសិទ្ធិរបស់ប្រទេសណាឡើយ ហើយបានព្រមានទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិទាំងអស់ កុំឱ្យធ្វើទំនាក់ទំនងជាមួយកំពង់ផែអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។
ក្រុម Houthi បានវាយប្រហារ និងរឹបអូសកប៉ាល់មួយចំនួនរួចមកហើយ ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល នៅឯសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab របស់សមុទ្រនេះ។ វាគឺជាច្រកផ្លូវសមុទ្រដ៏សំខាន់មួយ ដែលប្រេងភាគច្រើនរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ ហើយពួក Houthi ក៏បានបាញ់មីស៉ីលបាលិស្ទីគនិងដ្រូនសម្រាប់វាយប្រហារ ទៅលើអ៉ីស្រាអែលផងដែរ។ ក្រុមមន្រ្តី Houthi បានអះអាងថា សកម្មភាពរបស់ពួកគេ មានគោលដៅបង្ហាញការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមរបស់អ៉ីស្រាអែលនៅ តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យយោធាក្រុម Houthi ដែលកំពុងត្រួតត្រាកាន់កាប់លើទឹកដីភាគច្រើននៃប្រទេសយេម៉ែន បាននិយាយថា កប៉ាល់ទាំងអស់ដែលមានគោលដៅឆ្ពោះទៅកាន់កំពង់ផែអ៉ីស្រាអែល គឺត្រូវបានហាមឃាត់ ពីតំបន់សមុទ្រក្រហម និងសមុទ្រអារ៉ាប់។ អ្នកនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើតំបន់ Gaza នៅតែមិនទទួលបានស្បៀងអាហា ក៏ដូចជាថ្នាំពេទ្យ ដែលខ្លួនត្រូវការទេនោះ កប៉ាល់ទាំងអស់នៅសមុទ្រក្រហម ដែលឆ្ពោះទៅកំពង់ផែអ៉ីស្រាអែល ដោយមិនខ្វល់ថាជាកម្មសិទ្ធិរបស់ប្រទេសណាឡើយ នឹងក្លាយជាគោលដៅរបស់កងកម្លាំងប្រដាប់អាវុធយើង»។ សេចក្តីថ្លែងការណ៍របស់ក្រុម Houthi បានបន្ថែមថា ការព្រមាននេះនឹងមានសុពលភាពភ្លាមៗតែម្តង។
គួរបញ្ជាក់ថា ក្នុងឧប្បត្តិហេតុចុងក្រោយគេនៅសមុទ្រក្រហម កប៉ាល់ពាណិជ្ជកម្ម៣គ្រឿង បានស្ថិតក្រោមការវាយប្រហារពីក្រុម Houthi ជាហេតុបង្ខំឱ្យនាវាចម្បាំងអាមេរិនៅក្នុងតំបន់ លូកដៃចូលទប់ស្កាត់។ សហរដ្ឋអាមេរិក បានថ្កោលទោសសកម្មភាពរបស់ពួក Houthi នៅសមុទ្រក្រហម ហើយបានបន្ទោសលើអ៉ីរ៉ង់ សម្រាប់ការគាំទ្រចំពោះក្រុមឧទ្ទាមយេម៉ែនមួយនេះ ខណៈទីក្រុងតេហេរ៉ង់ បាននិយាយថា សម្ព័ន្ធមិត្តរបស់ខ្លួន ធ្វើការសម្រេចចិត្តរបស់ពួកគេ ដោយឯករាជ្យ។ ពួក Houthi ស្ថិតក្នុងចំណោមក្រុមមួយចំនួនតូចជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ដែលបានវាយប្រហារលើអ៉ីស្រាអែល ព្រមទាំងលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា៕
រូបភាពពី Reuters