(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Asahi បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida គ្រោងធ្វើការផ្លាស់ប្តូរនៅក្នុងគណៈរដ្ឋមន្រ្តី ក៏ដូចជាគណបក្សកាន់អំណាច ក្រោយលេចធ្លាយរឿងអាស្រូវថា មន្រ្តីនិងសមាជិកបក្ស ទទួលបានមូលនិធិនយោបាយរាប់សិបម៉ឺនដុល្លារ ដែលមិនត្រូវបានប្រកាសត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមសារព័ត៌មាន Asahi ប្រធានលេខាធិកានៃរគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno ដែលជាអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន, រដ្ឋមន្រ្តីឧស្សាហកម្ម លោក Yasutoshi Nishimura និងប្រធានគោលនយោបាយរបស់បក្សកាន់អំណាច LDP លោក Koichi Hagiuda នឹងត្រូវជំនួសតំណែង ដ្បិតពួកគេស្ថិតក្នុងចំណោមក្រុមបុគ្គល ដែលជាប់សង្ស័យពីការពុំបានប្រកាសមូលនិធិនយោបាយត្រឹមត្រូវ។ សារព័ត៌មានជប៉ុនមួយទៀតគឺ Mainichi ក៏បានរាយការណ៍ក្នុងថ្ងៃដដែលនេះដែរថា អ្នកទាំង៣ នឹងត្រូវជំនួសតំណែង។
គួរបញ្ជាក់ថា លោក Kishida និងគណបក្សរបស់លោក កំពុងប្រឈមការរិះគន់ ក្រោយមានការចោទប្រកាន់ថា មន្រ្តីនិងសមាជិកបក្សមួយចំនួន ទំនងជាទទួលបានលុយរៃអង្គាសនយោបាយ ចំនួនជាង ៦៩៣,០០០ដុល្លារ ដែលមិនត្រូវបានប្រកាសត្រឹមត្រូវជាសាធារណៈនោះឡើយ។ ប្រជាប្រិយភាពសម្រាប់រដ្ឋាភិបាលលោក Kishida បានធ្លាក់ចុះដល់កម្រិតដ៏ទាបខ្លាំងមួយ ដែលហេតុផលមួយផ្នែកគឺដោយសារតែ ប្រជាជនជប៉ុនព្រួយបារម្ភអំពី ការកើនឡើងនៃការចំណាយសម្រាប់ជីវភាពរស់នៅ ហើយនិងគម្រោងដំឡើងការយកពន្ធ៕
រូបភាពពី Reuters