(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងកៀវបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញដំណើរទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន លោក Javier Milei។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា លោក ហ្សេលេនស្គី កំពុងស្ថិតនៅតាមផ្លូវឆ្ពោះទៅប្រទេសអាហ្សង់ទីន ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីទើបជាប់ឆ្នោត គឺលោក Javier Milei ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យនេះ (ពេលវេលានៅអាហ្សង់ទីន)។
លោក Milei បានជាប់ឆ្នោតកាលពីចុងខែវិច្ឆិកាកន្លងទៅ ហើយលោក ហ្សេលេនស្គី បានចេញមុខអបអរជ័យជម្នះរបស់លោក ខណៈមេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរសព្ទ ភ្លាមៗក្រោយការជាប់ឆ្នោតរបស់លោក Milei។ បន្ទាប់មក លោក ហ្សេលេនស្គី បានអរគុណចំពោះការបង្ហាញការគាំទ្ររបស់លោក Milei សម្រាប់អ៊ុយក្រែន។ យោងតាមការិយាល័យលោក Milei ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានស្នើឡើងថា អាហ្សង់ទីនអាចធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលមួយរវាងអ៊ុយក្រែន និងក្រុមប្រទេសអាមេរិកឡាទីន។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអាហ្សង់ទីន លោក Dmitry Feoktistov ក៏នឹងចូលរួមពិធីខាងលើផងដែរ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមអបអរជ័យជម្នះលោក Milei។ លោក ពូទីន បានបញ្ជាឱ្យរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈសង្រ្គាមបានបន្តមកទល់បច្ចុប្បន្ន ដោយរកទីបញ្ចប់មិនទាន់ឃើញនៅឡើយទេ៕
រូបភាពពី AFP