(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញមុខនិយាយថា ប្រទេសរបស់លោក នឹងបន្តឆ្ពោះទៅមុខជាមួយសង្រ្គាម «ត្រឹមត្រូវយុត្តិធម៌» របស់ខ្លួន ដែលមានគោលដៅកម្ចាត់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។
លោក Netanyahu បានថ្លែងដូចខាងលើ ស្របពេលដែលរូបលោក សាទរសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត សម្រាប់ការសម្រេចចិត្តរារាំង ចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា ពីសំណាក់អង្គការសហប្រជាជាតិ (UN)។ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណជាខ្លាំង ចំពោះការប្រកាន់គោលជំហរត្រឹមត្រូវរបស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខ UN... ដូច្នេះហើយ អ៉ីស្រាអែលនឹងបន្តសង្រ្គាម ដែលត្រឹមត្រូវនិងយុត្តិធម៌របស់យើង ដើម្បីកម្ចាត់ក្រុមហាម៉ាស និងសម្រេចឱ្យបាននូវគោលដៅផ្សេងៗទៀតនៃសង្រ្គាម»។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខពិចារណាលើ ការអំពាវនាវឱ្យមានបទឈប់បាញ់ សម្រាប់សង្រ្គាមនៅតំបន់ Gaza ដែលបានឈានដល់ខែទី៣ និងសម្លាប់មនុស្សកើនដល់យ៉ាងហោច១៧,៧០០នាក់ហើយនោះ ប៉ុន្តែកាលពីថ្ងៃសុក្រ អាមេរិកបានសម្រេចបោះឆ្នោតវេតូ ចំពោះសំណើដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន៕
រូបភាពពី AFP