(នៅលើយន្ដហោះ AIR FORCE ONE)៖ សហរដ្ឋអាមេរិក និងចិន នៅមិនទាន់បានចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនាយោធា និងយោធាដែលត្រូវបានឯកភាព ដោយមេដឹកនាំនៃប្រទេសទាំង២ អំឡុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកានៅឡើយទេ។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣។

លោក John Kirby អ្នកនាំពាក្យសេតវិមាន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រសប្ដាហ៍នេះថាកិច្ចសន្ទនាអាចនឹង ជួយកាត់បន្ថយការគណនខុស និងការយល់ច្រឡំ។ ប៉ុន្តែ លោកបាននិយាយថាកិច្ចសន្ទនាប្រហែលជានឹងមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ ដោយសារតែចិន មិនទាន់បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Li Shangfu ដែលត្រូវបានដកតំណែងកាលពីខែតុលាកន្លងទៅ នៅឡើយ។ «ជាការយល់ឃើញរបស់ខ្ញុំ ពួកគេ (ចិន) មិនទាន់បានសា្ដរកិច្ចសន្ទនាយោធាឡើងវិញនោះទេ ដោយសារតែពួកគេមិនទាន់មានរដ្ឋមន្ត្រីការពារជាតិថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក John Kirby ដោយបន្ថែមថាសហរដ្ឋអាមេរិកជំរុញឱ្យចិនតែងតាំងមនុស្សថ្មីឱ្យបានឆាប់ និងកំពុងទន្ទឹងរង់ចាំបើកកិច្ចសន្ទនាយោធាឡើងវិញ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាកន្លងទៅថានឹងស្ដារឡើងវិញនូវ បណ្ដាញទំនាក់ទំនងរវាងយោធានៃប្រទេសទាំង២ ដែលត្រូវបានទីក្រុងប៉េកាំងកាច់ផ្ដាច់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕

រូបភាពពី Reuters