(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបាននិយាយថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ី នឹងរួមគ្នាការពារស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់ពួកគេ ចំពោះសេរីភាព នៃការធ្វើនាវាចរ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក Jake Sullivan ធ្វើឡើងក្នុងសន្និសីទរួមគ្នាខ្លីមួយជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក ក្រោយកិច្ចប្រជុំត្រីភាគី ក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីខែវិច្ឆិកា ប្រមុខការទូតកូរ៉េខាងត្បូង ជប៉ុន និងចិន ក៏បានអះអាងផងដែរពីភាពចាំបាច់ក្នុងការរៀបចំកិច្ចប្រជុំកំពូលត្រីភាគី មួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បាន និងកំពុងបង្កើននូវអ្វីដែលពួកគេហៅថាជាសេរីភាព នៃការធ្វើនាវាចរតាមរយៈបញ្ជូននាវាចម្បាំងឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង បើទោះជាដឹងថាការធ្វើបែបនេះបង្កឱ្យចិន ខឹងសម្បារក៏ដោយ។

ជុំវិញសេរីភាពនៃការធ្វើនាវាចរនេះដែរ លោក Sullivan បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងសេអ៊ូល ដូច្នេះថា «យើងនឹងបន្តការពារសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងសេរីភាពនៃការធ្វើនាវាចរទាំងនៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា បើតាមលោក Jake Sullivan សម្ព័ន្ធមិត្តទាំង៣ ក៏បានដាក់ឱ្យដំណើរការផងដែរនូវគំនិតផ្ដួចផ្ដើមត្រីភាគីថ្មីមួយ ដើម្បីទប់ទល់នឹង ការគំរាមកំហែងបង្កឡើងដោយកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងឆ្មាំសមុទ្រនៃប្រទេសទាំង៣៕

រូបភាពពី Reuters