(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បើកច្រកព្រំដែន ដ៏សំខាន់មួយ ដើម្បីសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌បន្ថែមសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣។

ការអំពាវនាវរបស់លោក Macron ឱ្យបើកច្រកព្រំដែន Kerem Shalom ដែលជាច្រកព្រំដែនមួយទទួលបន្ទុក ៦០ភាគរយនៃលំហូរទំនិញចូលក្នុង តំបន់ហ្កាហ្សានៅមុនសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Netanyahu កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ។ ក្នុងកិច្ចសន្ទនានោះ លោក Macron ក៏បានលើកឡើងផងដែរពីភាពចាំបាច់ក្នុងការការពារអាយុជីវិតជនស៊ីវិលក្នុងតំបន់ហ្កាហ្សា និងបានសង្កត់ធ្ងន់ពី សារៈសំខាន់នៃបទឈប់បាញ់រយៈពេលវែង។ ប្រធានាធិបតីបារាំងរូ​បនេះបន្ថែមទៀតថាអ៉ីស្រាអែលត្រូវតែចាត់​វិធានាការចាំបាច់ដើម្បីបិទបញ្ចប់ អំពើហិង្សាប្រព្រឹត្តដោយនិគមជនអ៉ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ West Bank។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ាឡេស្ទីន ការបាញ់ប្រហារពីសំណាក់កងកម្លាំងអ៉ីស្រាអែល និងអំពើហិង្សាប្រព្រឹត្តដោយនិគមជនអ៉ីស្រាអែល ក្នុងតំបន់ West Bank បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២៦៣នាក់ហើយ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក។ ចំណែក ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា បានអះអាងថាចំនួនអ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលបានកើនដល់ ១៧,៤៨៧នាក់ហើយ ចាប់តាំងពី អ៉ីស្រាអែលធ្វើសង្រ្គាមសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងនៃប្រទេសរបស់ខ្លួនដោយសម្លាប់ មនុស្ស ១២០០នាក់៕

រូបភាពពី AFP