(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបាននិយាយថាទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍បន្ថែមទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពយោធារបស់សត្រូវ។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាផ្កាយរណបស៊ើបការណ៍បន្ទាប់នឹងត្រូវយកគំរូតាម ផ្កាយរណប Malligyong-1 ដែលទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាលពីខែវិច្ឆិកាកន្លងទៅ ហើយដែលត្រូវបានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោស និងចាត់ទុកថាជាការបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយចេញផ្សាយដោយ KCNA លោក Ro Ju Hyon ជាអ្នកវិភាគកិច្ចការអន្តរជាតិម្នាក់របស់ កូរ៉េខាងជើង ក៏បានរិះគន់កូរ៉េខាងត្បូងផងដែរសម្រាប់ការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ ការរិះគន់នេះធ្វើឡើងដោយផ្អែកលើអត្ថបទមួយ ចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីដើមសប្ដាហ៍កន្លងទៅនេះជាមួយការរាយការណ៍ថាកូរ៉េខាងត្បូង បានផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រដោយប្រយោលទៅឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ សេតវិមានរបស់សហរដ្ឋអាមេរិកបានអះអាងថាខ្លួនទទួលបានព័ត៌មានដែលអាចបញ្ជាក់បានថាកូរ៉េខាងជើង បានលួចលាក់ផ្គត់ផ្គង់អាវុធ ជាពិសេសគ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី ជាថ្នូរមកវិញនឹងការទទួលបានបច្ចេកវិទ្យា និងការប្រឹក្សាពីផ្កាយរណបស៊ើបការណ៍។ តែទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់នេះ៕

រូបភាពពី KCNA តាមរយៈ Reuters