(យូអិន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានបោះឆ្នោតវេតូលើសំណើមួយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ខណៈការប្រយុទ្ធគ្នាកើតឡើងពាសពេញតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំនួន ១៣ ក្នុងចំណោម ១៥ បានបោះឆ្នោតគាំទ្រលើ សេចក្ដីព្រាងដំណោះស្រាយខាងលើដែលលើកឡើងដោយអេមីរ៉ាតអារ៉ាប់រួម ខណៈចក្រភពអង់គ្លេសបានអនុប្បវាទ ហើយមានតែ សហរដ្ឋអាមេរិកម្នាក់ឯងតែប៉ុណ្ណោះបានបោះឆ្នោតវេតូ។ ការបោះឆ្នោតនេះដែរកើតមានឡើង បន្ទាប់ពីអគ្គលេខាធិការ UN លោក Antonio Guterres បានធ្វើសកម្មភាពដ៏កម្រមួយកាលពីថ្ងៃពុធកន្លងទៅនេះ ដោយធ្វើការព្រមានមួយជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខពី ការគំរាមកំហែងជាសកលបង្កឡើងដោយសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាង២ខែមកនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានប្រឆាំងជំទាស់នឹងដំណោះស្រាយទាមទារឱ្យមានបទឈប់បាញ់ខាងលើ ដោយសារតែ ពួកគេជឿថាដំណោះស្រាយនេះគឺផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស។ តែយ៉ាងណា ទីក្រុងវ៉ាស៊ីនតោននៅតែបង្ហាញការគាំទ្រឱ្យមាន ការផ្អាកបាញ់រយៈពេលខ្លី និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស។ តាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ចំនួន អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលបានកើនដល់ ១៧,៤៨៧នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែលប្រកាសធ្វើសង្រ្គាមសងសឹក ទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងនៃប្រទេសរបស់ខ្លួនដោយសម្លាប់មនុស្ស ១២០០នាក់៕