(ប៉េកាំង)៖ ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងដាក់កម្រិតវត្ថុធាតុដើមរបស់ចិនដែលប្រើប្រាស់ក្នុងផលិតកម្មអាគុយរថយន្តអគ្គិសនីដែលមានសិទ្ធិទទួលបានឥណទានពន្ធពីអាមេរិកចាប់ពីឆ្នាំក្រោយទៅរំលោភបំពានបទដ្ឋានពាណិជ្ជកម្មអន្តរជាតិ ហើយនឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ផែនការនេះនឹងធ្វើឱ្យវិនិយោគិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) របស់សហរដ្ឋអាមេរិកមិនមានសិទ្ធិទទួលបានឥណទានពន្ធឡើយ ប្រសិនបើពួកគេប្រើប្រាស់លើសកម្រិតកំណត់នូវវត្ថុធាតុដើមសំខាន់ៗមកពីប្រទេសចិន ឬប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថាជាប្រទេសឬអង្គភាពបរទេសដែលបង្កក្តីបារម្ភ (FEOC)។

លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការកំណត់ទិសដៅលើសហគ្រាសចិនតាមរយៈការផាត់ចេញផលិតផលរបស់ពួកគេពីវិសាលភាពនៃការឧបត្ថម្ភធនមួយគឺជាគោលនយោបាយមិនមែនទីផ្សារ»

លោកបានប្រសាសន៍ថា៖ «សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាច្រើន រួមទាំងប្រទេសចិនផងដែរបានសម្តែងការព្រួយបារម្ភអំពីគោលនយោបាយរើសអើងរបស់សហរដ្ឋអាមេរិក ដែលបំពានលើគោលការណ៍ជាមូលដ្ឋានរបស់ WTO»

តួនាទីដ៏លេចធ្លោរបស់ចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់អាគុយរថយន្តពិភពលោកបានជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុបចាត់វិធានការនានាដោយសារការភ័យខ្លាចថា រថយន្តអគ្គិសនី (EV) តម្លៃថោករបស់ចិនអាចជន់លិចទីផ្សាររបស់ពួកគេ។

គណៈកម្មការអឺរ៉ុបបច្ចុប្បន្នកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនផលិតរថយន្តរបស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋដោយមិនយុត្តិធម៌ដែរឬយ៉ាងណា។

ទីក្រុងវ៉ាស៊ីនតោនបានអនុម័តច្បាប់ចំនួន២ រួចហើយដោយផាត់ចេញវិនិយោគិនទាំងឡាយណាពីការទទួលបានអត្ថប្រយោជន៍ពីឥណទានពន្ធដែលមានទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារសម្រាប់អាគុយ និងសារធាតុរ៉ែសំខាន់ៗ និងពីការផ្តល់ឧបត្ថម្ភធនចំនួន ៧ ៥០០ដុល្លារអាមេរិកសម្រាប់រាល់រថយន្តថាមពលថ្មីដែលត្រូវបានផលិត ប្រសិនបើវិនិយោគិនទាំងនោះប្រើប្រាស់វត្ថុធាតុដើមដែលនាំចូលពីប្រទេស FEOCs សម្រាប់ផលិតកម្មរបស់រថយន្តអគ្គិសនីរបស់ពួកគេ។

ពាក្យ FEOCs សំដៅលើប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។ ច្បាប់ទាំងពីរនេះនឹងចូលជាធរមាននៅឆ្នាំ២០២៤ សម្រាប់អាគុយ និងឆ្នាំ២០២៥ សម្រាប់សារធាតុរ៉ែសំខាន់ៗ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏កំពុងស្នើឡើងនូវលក្ខណៈវិនិច្ឆ័យតឹងតែងផងដែរ រួមទាំងការកំណត់ថាតើក្រុមហ៊ុនមួយដែលភាគហ៊ុន២៥ភាគរយត្រូវបានកាន់កាប់ដោយប្រទេសណាមួយក្នុងចំណោមក្រុមប្រទេស FEOC គឺជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយប្រទេសនោះដែរឬយ៉ាងណា។

លោក He Yadong បានបន្ថែមថា៖ «តាមរយៈការបង្កើតរបាំងនេះ សហរដ្ឋអាមេរិកកំពុងបង្កឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អចំពោះការអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនី និងឧស្សាហកម្មកាន់តែខ្លាំង»។ លោកបានព្រមានថា ផែនការនេះនឹង «រំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ»

ប្រទេសចិនមានជិត ២ ភាគ ៣ នៃសមត្ថភាពកែច្នៃសារធាតុលីចូមនៅពិភពលោក និង ៧៥ភាគរយនៃសមត្ថភាពកែច្នៃសារធាតុកូបាល់ ដែលសារធាតុទាំងពីរនេះប្រើប្រាស់ក្នុងការផលិតថ្មអាគុយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕