(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានប្រាប់សារព័ត៌មាន Bloomberg ថា អាជ្ញាធរប៉ាឡេស្ទីនកំពុងធ្វើការជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការសម្រាប់តំបន់ហ្គាហ្សា ក្រោយសង្រ្គាមបិទបញ្ចប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយ Bloomberg លោក Shtayyeh បាននិយាយថា អ្វីដែលយើងចង់ឃើញក្រោយសង្រ្គាម គឺក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា ក្លាយទៅជាដៃគូមានឥទ្ធិពលតូចជាងមុន នៅក្នុងអង្គការរំដោះជាតិប៉ាឡេស្ទីន (PLO) និងជួយកសាងរដ្ឋឯករាជ្យថ្មីមួយ ដែលរួមមានវេសប៊ែង ហ្គាហ្សា និងហ្ស៊េរុយសាឡិមខាងកើត។

លោក Shtayyeh បានគូសបញ្ជាក់ថា «ប្រសិនបើហាម៉ាស ត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ និងទទួលយកវេទិកានយោបាយរបស់ PLO នោះនឹងមានកន្លែងសម្រាប់ពិភាក្សា។ ប្រជាជនប៉ាឡេស្ទីន មិនគួរត្រូវបានបែងចែក ហើយគោលបំណងរបស់អ៉ីស្រាអែលក្នុងការកម្ចាត់ហាម៉ាស គឺមិនសមហេតុផលឡើយ»។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធធ្វើការវាយប្រហារចូលទឹកដីរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ខណៈក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សាអះអាងថា មានជនជាតិប៉ាឡេស្ទីនជាង ១៧,១៧០នាក់ត្រូវបានសម្លាប់ និង ៤៦,០០០នាក់រងរបួស៕

រូបភាពពី Reuters