(សេអ៊ូល)៖ ក្រុមហ៊ុនឯកជនកូរ៉េខាងត្បូង Hanwha Aerospace បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះកិច្ចសន្យាជាមួយប្រទេសអូស្រ្តាលី ដើម្បីផ្គត់ផ្គង់រថពាសដែក Redback សរុបចំនួន១២៩គ្រឿង នៅត្រឹមឆ្នាំ២០២៨ ក្នុងកិច្ចព្រមព្រៀងមួយ មានទំហំ៣.១៦ទ្រីលានវ៉ុន ឬស្មើនឹង២.៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។
ការចុះកិច្ចព្រមព្រៀងខាងលើកើតមានឡើង ក្រោយអូស្រ្តាលីបានសម្រេចជ្រើសរើសយកក្រុមហ៊ុន Hanwha ជាអ្នកដេញថ្លៃនាំមុខគេ កាលពីខែកក្កដា ឆ្នាំនេះ សម្រាប់គម្រោងមួយដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្រ្តាលី (៤.៦២ពាន់លានដុល្លារអាមេរិក) ហើយអូស្រ្តាលីបានអះអាងថា វាជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងសមត្ថភាពយោធានៃប្រទេសរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា រថពាសដែកកូរ៉េខាងត្បូងទាំងនោះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពកងទ័ព និងសមត្ថភាពការពារជាតិរបស់ប្រទេសអូស្រ្តាលី។
គួរបញ្ជាក់ថា រថពាសដែក Redback នឹងត្រូវផលិតឡើង នៅឯរោងចក្ររបស់ក្រុមហ៊ុន Hanwha ស្ថិតក្នុងទីក្រុង Geelong នៃរដ្ឋ Victoria របស់អូស្រ្តាលី ហើយរថពាសដែកក្រុមដំបូង ត្រូវគេរំពឹងថានឹងប្រគល់ឱ្យទៅយោធាអូស្រ្តាលី នៅឆ្នាំ២០២៧៕
រូបភាពពីក្រសួងការពារជាតិអូស្រ្តាលី