(យ៉េរ៉ាវ៉ាន់)៖ អាមេនីនិងអាស៊ែបៃហ្សង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ពួកគេនឹងដោះដូរឈ្លើយសឹក ព្រមទាំងធ្វើការឆ្ពោះទៅរក ការធ្វើប្រក្រតីកម្មទំនាក់ទំនងទ្វេភាគី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានសាទរដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ថាជាវឌ្ឍនភាពយ៉ាងវិជ្ជមាន ក្រោយវិវាទរយៈពេលប្រមាណជា៣ទសវត្សរ៍ ជុំវិញបញ្ហាជម្លោះទឹកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសជិតខាងទាំងពីរ បានឈ្លោះគ្នាជាយូរមកហើយ ព្រមទាំងធ្លាប់ធ្វើសង្រ្គាមថែមទៀតផង ជុំវិញតំបន់ Nagorno-Karabakh ដែលអាស៊ែបៃហ្សង់ បានដណ្តើមកាន់កាប់ មកវិញទាំងស្រុង ក្រោយបើកប្រតិបត្តិការផ្លេកបន្ទោរកាលពីខែកញ្ញា ឆ្នាំនេះ ប្រឆាំងក្រុមផ្តាច់ខ្លួនជនជាតិអាមេនី ដែលធ្លាប់គ្រប់គ្រងនៅទីនោះ។ អាមេនីនិងអាស៊ែបៃហ្សង់ ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាព អាចត្រូវចុះហត្ថលេខាមុនដំណាច់ឆ្នាំនេះ ប៉ុន្តែដំណើរការកិច្ចចរចា ដែលត្រូវបានជួយសម្រុះសម្រួលដាច់ដោយឡែកពីគ្នា ដោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងរុស្ស៉ី គឺមកទល់ឥឡូវ បានមើលឃើញភាពរីកចម្រើនតិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ភាគីទាំងពីរបានប្រកាសព្រមព្រៀងគ្នា ចាប់យកឱកាសដើម្បីឆ្ពោះទៅសម្រេចឱ្យបាន នូវសន្តិភាពក្នុងតំបន់។ ប្រទេសទាំងពីរ បានគូសបញ្ជាក់ជាថ្មី នូវគោលបំណងស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីវិញ ហើយឈានដល់សន្ធិសញ្ញាសន្តិភាព។ ទន្ទឹមគ្នានេះ ទីក្រុងបាគូ នឹងដោះលែងឈ្លើយសឹកអាមេនីចំនួន៣២នាក់ ខណៈទីក្រុងយ៉េរ៉េវ៉ាន់ នឹងដោះលែងឈ្លើយសឹកអាស៊ែបៃហ្សង់២នាក់។ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នា បន្តកិច្ចពិភាក្សាស្តីពីចំណាត់ការកសាងទំនុកចិត្ត បន្ថែមទៀតផងដែរ៕
រូបភាពពី AFP