(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុនត្រូវជួបគ្នាក្នុងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃសៅរ៍ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង និងកត្តាប្រឈមជាសកលដទៃទៀត ខណៈដែលពួកគេបង្កើនកំពុងកិច្ចសហប្រតិបត្តិការត្រីភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង លោក Cho Tae-yong នឹងពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខរបស់សេតវិមាន លោក Jake Sullivan ក៏ដូចជាសមភាគីជប៉ុន លោក Takeo Akiba។ ជំនួបពិភាក្សាគ្នានេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងបី បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍ដំបូងរបស់កូរ៉េខាងជើង កាលពីខែវិច្ឆិកា ថាជាការរំលោភលើដំណោះស្រាយជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាមអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby ក្រុមទីប្រឹក្សានឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ ដែលនាំឲ្យមានការព្រួយបារម្ភទៅវិញទៅមក ជាពិសេសនៅក្នុងបរិបទសន្តិសុខបច្ចប្បន្ន។ ចាប់តាំងពីឡើងកាន់ដំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានកំណត់អាទិភាពលើការកែលម្អទំនាក់ទំនងជាមួយជប៉ុន និងស្តារកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក ចំពោះមុខការបង្កើនកម្មវិធីអាវុធរបស់កូរ៉េខាជើង។

គួរបញ្ជាក់ថា ព្យុងយ៉ាងបានច្រានចោលនូវការរិះគន់ ហើយថាវាជាវិធានការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕

រូភភាពពី Yonhap