(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសម្តែងការរិះគន់ជាសាធារណៈមិនធ្លាប់មាន ចំពោះសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅឯភាគខាងត្បូងតំបន់ហ្គាហ្សា ដោយនិយាយថា រដ្ឋាភិបាលនៅតែខ្វះចន្លោះក្នុងការការពារជនស៉ីវិលនិងជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reruters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីជួបរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Blinken បានបញ្ជាក់ថា «មួយសប្តាហ៍នៃប្រតិបត្តិការបស់អ៉ីស្រាអែលកាន់ភាគខាងត្បូង យើងមើលឃើញថានៅតែមានកត្តាចាំបាច់ដែលត្រូវតែបន្ថែមដើម្បីការពារជនស៉ីវិល ហើយចេតនាក្នុងការការពារ និងលទ្ធផលជាក់ស្តែងដែលយើងកំពុងឃើញ គឺនៅតែមានចន្លោះប្រហោង»

បើតាមសេតវិមាន លោកប្រធានាធិបតី ចូ បៃដិន ក៏បានជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងមហាក្សត្រហ្ស៊កដានី ស្តេច Abdullah កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរ ព្រមជាមួយនឹងការសង្កត់ធ្ងន់ពីតម្រូវការដ៏សំខាន់ ដើម្បីការពារនិងបំបែកប្រជាជនស៉ីវិលចេញពីក្រុមហាម៉ាស និងច្រករបៀងដែលអនុញ្ញាតឲ្យមនុស្សចាកចេញ ដោយសុវត្ថិភាពពីតំបន់ដែលកំណត់គោលដៅវាយប្រហារ»។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធធ្វើការវាយប្រហារចូលទឹកដីរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ហើយថាកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យជនស៉ីវិលគេចផុតពីគ្រោះថ្នាក់។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនជាង ១៧,១៧០នាក់ត្រូវបានសម្លាប់ និង ៤៦,០០០នាក់រងរបួស ដែលក្នុងនោះរួមមានទាំងជនស៉ីវិលផងដែរ៕

រូបភាពពី Reuters