(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោក Hunter Biden ត្រូវបានចោទប្រកាន់ពីបទគេចវេះពន្ធជាច្រើនករណី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយនេះក៏ជាលើកទី២ ក្នុងឆ្នាំនេះដែរដែលលោក Hunter រងការចោទប្រកាន់ពីរដ្ឋអាជ្ញា ពិសេសដែលកំពុងបើកការស៊ើបអង្កេតលើរូបលោកផ្ទាល់ និងមុខជំនួញរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋអាជ្ញាពិសេសអាមេរិក លោក David Weiss បានឱ្យដឹងនៅក្នុងឯកសារចោទប្រកាន់កម្រាស់៥៦ទំព័រ ដាក់ជូនតុលាការក្នុងរដ្ឋ California ថាលោក Hunter Biden បានគេចវេះពន្ធក្នុងទំហំទឹកប្រាក់ ១.៤លានដុល្លារ ចន្លោះពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩។ ឯកសារនេះដដែលបានបង្ហាញថា លោក Hunter ត្រូវបានចោទប្រកាន់ចំនួន ៩បទចោទនៃការបរាជ័យដាក់ឯកសារ និងបង់ពន្ធ គេចវេះពន្ធ និងដាក់ឯកសារប្រកាសពន្ធក្លែងក្លាយ។

លើសពីនេះទៅទៀត ការចោទប្រកាន់ថ្មីខាងលើ ក៏បាននិយាយដែរថាលោក Hunter Biden ទទួលបានប្រាក់ចំណូលជាង ៧លានដុល្លារ ពីឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ហើយបានចាយវាយប្រាក់ទាំងនេះយ៉ាងហ៉ឺហាលើសារធាតុញៀន មនុស្សស្រី ដេកសណ្ឋាគារប្រណិត ទិញរថយន្ដ ទំនើបៗ សម្លៀកបំពាក់ថ្លៃៗ ​និងចំណាយលើរឿងគ្រប់យ៉ាង លើកលែងតែការបង់ពន្ធ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៣នេះ លោក Hunter Biden ក៏ត្រូវបានរដ្ឋអាជ្ញាពិសេសអាមេរិកចោទប្រកាន់ផងដែរពីបទកាន់កាប់កាំភ្លើង ខុសច្បាប់ ដោយសារតែលោកត្រូវបានរកឃើញថាបានប្រើប្រាស់គ្រឿងញៀន តែបែរជាកុហកថាលោកមិនបានប្រើសារធាតុញៀនអំឡុងកាន់កាប់ កំាភ្លើងនៅពេលនោះ។ ក្នុងករណីដែលគេរកឃើញថាលោក Hunter ពិតជាបានគេចវេះពន្ធដូចការចោទប្រកាន់មែន នោះលោកអាចនឹងប្រឈមមុខ ជាប់ពន្ធនាគារ១៧ឆ្នាំ ខណៈរឿងក្ដីក្តាំទាំងនេះកំពុងបង្កភាពឈឺក្បាលដល់លោក ចូ បៃដិន ដែលកំពុងស្វះស្វែងរកការគាំទ្រពីប្រជាជនអាមេរិក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤៕

រូបភាពពី Reuters