(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៨ ខែធ្នូនេះបាននិយាយថាបាឡុងមួយចិនបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈសល់ពេលតែមួយខែទៀត ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ឈានចូលមកដល់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តៃវ៉ាន់ ដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន តែងតែចោទប្រកាន់ទីក្រុងប៉េកាំងជារឿយៗថាកំពុងបង្កើនការដាក់សម្ពាធយោធា និងសេដ្ឋកិច្ច ដើម្បីកែប្រែលទ្ធផលបោះឆ្នោតឱ្យស្របទៅនឹងអ្វីដែលរដ្ឋាភិបាលចិនចង់បាន។ ចិនបានបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់ គួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធទ្រង់ទ្រាយធំចំនួន ២លើកព័ទ្ធជុំវិញកោះតៃវ៉ាន់កាលពីឆ្នាំ២០២២ និងកាលពីពាក់កណ្ដាលឆ្នាំ២០២៣នេះ។

តាមក្រសួងការពារជាតិតៃវ៉ាន់ បាឡុងមួយរបស់ចិនត្រូវបានប្រទះឃើញនៅចម្ងាយ១៨៧គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង Keelung ស្ថិតនៅ ភាគខាងជើងកោះតៃវ៉ាន់ ហើយបានហោះឆ្ពោះទៅទិសខាងកើតរយៈពេលមួយម៉ោង មុននឹងបាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថាបាឡុងមួយដែលបានធ្លាក់នៅឯកោះដាច់ស្រយាលមួយ របស់តៃវ៉ាន់ ស្ថិតនៅក្បែរឆ្នេរសមុទ្ររបស់ចិន គឺជាបាឡុងត្រូវបានប្រើប្រាស់សម្រាប់ការតាមដានអាកាសធាតុ និងមិនមានឧបករណ៍ ឈ្លបយកការណ៍ បំពាក់លើបាឡុងនេះនោះទេ។ តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសភា និងជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅថ្ងៃទី១៣ ខែមករា ឆ្នាំក្រោយ៕

រូបភាពពី Reuters