(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី៦ ខែធ្នូនេះ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពី ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងតម្លៃប្រេង ព្រមទាំងកិច្ចការអន្តរជាតិ តួយ៉ាងដូចជាសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សា។ អំឡុងជំនួបជាមួយ មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីដ អាល់ណាហ៉ីយ៉ាន (Mohammed bin Zayed Al Nahyan) លោក ពូទីនបានកត់សម្គាល់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ «កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក» ហើយថាអាប៊ុយដាប៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងមូស្គូ នៅក្នុងពិភពអារ៉ាប់ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនឡើងច្រើនជាង ៦៧ភាគរយកាលពីឆ្នាំ២០២២។

នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ានវិញ លោក ពូទីន បាននិយាយថាគ្មានអ្វីដែលមកបំផ្លាញ ឬបំបែកបាក់ការរីកចម្រើន នៃទំនាក់ទំនងមិត្តភាពរវាងទីក្រុងមូស្គូ និងទីក្រុងរីយ៉ាដបាននោះឡើយ ខណៈព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន បានបង្ហាញពីការត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៉ី។ ចាប់តាំងពីសង្រ្គាមឈ្លានពានអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោក ពូទីន បានធ្វើទស្សនកិច្ចតែនៅតាមបណ្ដាប្រទេស ជាប់របងផ្ទះជាមួយរុស្ស៉ី ជាពិសេសប្រទេសក្នុងតំបន់អាស៊ីកណ្ដាល និងចិនប៉ុណ្ណោះ។ នេះក៏ជាទស្សនកិច្ចជាលើកទី២របស់លោក ពូទីន ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ​ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដោយទស្សនកិច្ចដំបូងបំផុតរបស់លោកធ្វើឡើងទៅកាន់ប្រទេសអ៉ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០២២ ជាទីដែលលោកបានជួប ជាមួយមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។

ម្យ៉ាងវិញទៀត ភ្លាមៗក្រោយចាកចេញពីមជ្ឈិមបូព៌ា ត្រឡប់ទៅរុស្ស៉ីវិញនៅថ្ងៃទី៧ ខែធ្នូនេះ លោក ពូទីននឹងត្រូវទទួលស្វាគមន៍ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ក្នុងទីក្រុងមូស្គូ ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ក្នុងនោះរួមមានទំនាក់ទំនងសេដ្ឋកិច្ច រួមទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជាសង្រ្គាមនៅហ្កាហ្សាតែម្ដង។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់រុស្ស៉ីក្នុងការពង្រឹងទំនាក់ទំនងជាមួយសេ្ដចប្រេងទាំង២ ដែលជាប្រទេសសម្បូរលុយមិនខ្វះ សំដៅប្រឆាំងនឹងសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ និងនៅពេលអនាគត។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងសំខាន់ៗដូចជា៖

ទី១៖ ធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែឆាប់ស្ដីពីបញ្ហាទាក់ទងនឹងតម្លៃប្រេងសកល និងសង្រ្គាមនៅអ៊ុយក្រែន៖ រុស្ស៉ីចង់រក្សាតម្លៃប្រេងសកលឱ្យស្ថិតនៅ ក្នុងតម្លៃខ្ពស់នៅឆ្នាំ២០២៤ ក្នុងគោលបំណងដុតបញ្ឆេះបន្ថែមនូវ «ការនឿយណាយនឹងសង្រ្គាម» នៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាបំផ្លាញឱកាសជាប់ឆ្នោតជាប្រធានាធិបតី មួយអាណត្តិទៀតរបស់លោក ចូ បៃដិន ដែលវិមានក្រឹមឡាំងជឿថាការធ្វើបែបនេះអាចនឹងនាំទៅរកការកាត់បន្ថយជំនួយយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន។

ទី២៖ បន្ធូរបន្ថយការព្រួយបារម្ភរបស់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ចំពោះទំនាក់ទំនងរបស់រុស្ស៉ីជាមួយអ៉ីរ៉ង់ និងគោលជំហរចំពោះសង្រ្គាមហ្កាហ្សា៖ ការខិតកាន់តែ ជិតស្និទ្ធនៃទំនាក់ទំនងយោធារវាងរុស្ស៉ី និងអ៉ីរ៉ង់ បានបង្កជាក្ដីកង្វល់យ៉ាងធំដល់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាពិសេសនៅចំពោះមុខសង្រ្គាមហ្កាហ្សា ដែល កងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កំពុងដាក់គោលដៅវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះ ការធានា ចំពោះអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នោះគឺថាកិច្ចព្រមព្រៀងអាវុធណាមួយរវាងរុស្ស៉ី និងអ៉ីរ៉ង់ គឺដាច់ខាតមិនមានគោលដៅប្រឆាំងនឹងប្រទេសទាំង២ឡើយ ប៉ុន្តែ គឺប្រឆាំងនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ទី៣៖ សាកល្បងបញ្ជាក់ពីគោលជំហរអព្យាក្រឹតរបស់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតចំពោះសង្រ្គាមអ៊ុយក្រែន៖ ប្រទេសអារ៉ាប់ទាំង ២នេះ បានធ្វើជា អ្នកសម្របសម្រួលការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែនជាច្រើនលើក និងបានព្យាយាមដើរតួនាទីធ្វើជាអ្នកសម្របសម្រួលនាំទៅរកការបិទបញ្ចប់ សង្រ្គាមអ៊ុយក្រែន។ ក្នុងន័យនេះ អព្យាក្រឹតភាព និងចំណាប់អារម្មណ៍ធ្វើជាអ្នកសម្របសម្រួលនៅពេលអនាគត អាចនឹងក្លាយជាចម្ងល់មួយសម្រាប់រុស្ស៉ី ប្រសិនបើ ប្រទេសទាំង២ មិនទទួលស្វាគមន៍លោក ពូទីនទេនោះ។

ទី៤៖ ការចាប់ផ្ដើមឡើងវិញនៃការបង្ហាញវត្តមាននៅលើឆាកអន្តរជាតិរបស់លោក ពូទីន៖ ដំណើរទស្សនកិច្ចរបស់លោក ពូទីន បានបង្ហាញពីការចាប់ផ្ដើមការទំនាក់ទំនង ដោយផ្ទាល់ឡើងវិញជាមួយមេដឹកនាំពិភពលោក ហើយនេះអាចបង្ហាញដែរពីជំនឿចិត្តរបស់លោក ពូទីនថាសង្រ្គាមនៅអ៊ុយក្រែនកំពុងដើរលើគន្លងមួយដែលលោក ចង់បាន។ លើសពីនេះទៅទៀត ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ជាការបដិសេធមួយផងដែរទៅនឹងការលើកឡើងថារុស្ស៉ី និងលោក ពូទីនកំពុង​ឯកោ ក្រោមទណ្ឌកម្មលោកខាងលិច និងកើតឡើងចំពេលអ្នកនយោបាយលោកខាងលិចកំពុងជួបឧបសគ្គក្នុងការអនុម័តជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា ការទទួលស្វាគមន៍លោក ពូទីន បានឆ្លុះបញ្ចាំងពីនយោបាយការបរទេសថ្មីមួយរបស់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលកំពុងផ្ដោតលើការធ្វើពិពិធកម្ម ទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដាប្រទេសដទៃ នៅក្នុងយុគសម័យពិភពលោកពហុប៉ូល។ ប៉ុន្តែខណៈប្រទេសអារ៉ាប់ទាំង២ ជាដៃគូដ៏ជិតស្និទ្ធរបស់អាមេរិក វ៉ាស៊ីនតោន ទំនងជានឹងដាក់ពិន័យស្រាល ឬក៏ព្រមានពីផលវិបាកសម្រាប់ការទទួលស្វាគមន៍លោក ពូទីន។ ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីតដើម្បីទទួលស្វាគមន៍លោក ពូទីន អាចនឹងបន្ថែមភាពសង្ស័យលើអនាគតនៃកិច្ចចរចាសន្តិភាពរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលក្រោមការសម្របសម្រួលរបស់អាមេរិក ដែលកំពុងជាប់គាំងក្រោយ សង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ហើយអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានការស្ទាក់ស្ទើរក្នុងការផ្ដល់ការធានាសន្តិសុខសម្រាប់ទីក្រុងរីយ៉ាដជាផ្នែកមួយ នៃកិច្ចចរចាជាមួយអ៉ីស្រាអែល។ ព្រមពេលជាមួយ សម្រាប់អេមីរ៉ាតអារ៉ាបរួមវិញ ការសម្រេចចិត្តទទួលស្វាគមន៍លោក ពូទីន នឹងកាន់តែជំរុញឱ្យសហរដ្ឋអាមេរិក បើកការស៊ើបអង្កេត និងពង្រឹងការដាមតាមលើការគេចវេសទណ្ឌកម្មតាមរយៈអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជានឹងកាត់បន្ថយឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការលក់អាវុធឱ្យ អាប៊ុយដាប៊ី។

តែទោះជាបែបនេះក្ដី ក៏ការសងសឹក ឬការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នឹងធ្វើឡើងក្រោមរូបភាពត្រឹមជាវោហាសាស្ត្រ ឬជានិមិត្តរូបតែប៉ុណ្ណោះ។ ពីព្រោះសហរដ្ឋអាមេរិកមិនចង់ធ្វើឱ្យខូចទំនាក់ទំនងជាមួយសេ្ដចប្រេងទាំង២ ស្របពេលសល់មួយឆ្នាំទៀតការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងឈានចូលមកដល់នោះទេ។ ណាមួយ ទាំងអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតសុទ្ធសឹងតែជាដៃគូយោធាដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំង ឥទ្ធិពលអ៉ីរ៉ង់នៅមជ្ឈិមបូព៌ា ហើយអាមេរិកក៏មិនចង់បង្ខំឱ្យប្រទេសអារ៉ាប់ទាំង២កាន់តែខិតទៅរករុស្ស៉ីខ្លាំងឡើងៗនោះដែរ។ តែច្រាសមកវិញ បើសហរដ្ឋអាមេរិក មិនចាត់ វិធានការឆ្លើយតបទេ នោះវានឹងក្លាយជាការបញ្ជូនសារមួយទៅកាន់រុស្ស៉ី និងបណ្ដារដ្ឋអារ៉ាប់ទាំងអស់ថាពួកគេអាចបន្តពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅនឹងគ្នា ដោយមិនបាច់ខ្វល់ពីផលវិបាក ឬក៏អាចជួបផលវិបាកតិចតួច។

មិនតែប៉ុណ្ណោះ វាក៏នឹងបង្កើនជាចន្លោះទំនេរសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរបស់រុស្ស៉ី និងការបង្កើនទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ទាំង២នេះ ហើយបើទស្សនកិច្ចរបស់ លោក ពូទីន ទទួលបានជោគជ័យដោយមិនមានការឆ្លើយតបជាដុំកំភួនទេ វិមានក្រឹមឡាំងនឹងកាន់តែមានទឹកចិត្តរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅក្រៅប្រទេសបន្ថែមទៀតដូចជានៅតួកគី និងឥណ្ឌាដែលសុទ្ធសឹងជាដៃគូសំខាន់ៗរបស់រុស្ស៉ី និងមិនទាន់បានផ្ដល់សច្ចាប័នដល់លក្ខន្តិកៈទីក្រុងរ៉ូម ហើយដែលនេះ មិនតម្រូវឱ្យពួកគេមានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួនលោក ពូទីន ចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឡើយ៕