(ហ្គាហ្សា)៖ អ៊ីស្រាអែលបានប្រយុទ្ធជាមួយសកម្មជនហាម៉ាស់ នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ហ្គាហ្សាស្ទ្រីបនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅរាប់សិប ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនតស៊ូដើម្បីរស់រានមានជីវិត ស្ថិតក្នុងស្ថានភាពមួយដែលអង្គការសហប្រជាជាតិបានពិពណ៌នាថា «គួរឱ្យរន្ធត់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រជាជនហ្គាហ្សាបានសម្រុកទៅកាន់ច្រក Rafah ដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប ក្រោយទទួលបានខិត្តប័ណ្ណ និងសារពីអ៊ីស្រាអែលដែលនិយាយថា ពួកគេនឹងមានសុវត្ថិភាពនៅក្នុងទីក្រុងនោះ។ ប៉ុន្តែជាក់ស្តែងពួកគេនៅតែមានការភ័យខ្លាច បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារផ្ទះមួយនៅទីនោះកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ១៥ នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលនៅច្រក Rafah ។

អ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់នៅក្នុងទីក្រុងធំជាងគេនៅហ្គាហ្សាភាគខាងត្បូង គឺទីក្រុង Khan Younis រួមទាំងពួកសកម្មប្រយុទ្ធពីរនាក់ ដែលបានបាញ់ចេញពីផ្លូវរូងក្រោមដី មួយថ្ងៃបន្ទាប់ពីទាហានអ៊ីស្រាអែលបានចូលទៅក្នុងបេះដូងនៃទីក្រុងមួយនេះ។ កងពលតូច Qassam ដែលជាក្រុមប្រដាប់អាវុធ ហាម៉ាស បាននិយាយមុននេះថា ការប្រយុទ្ធគ្នាគឺមានសភាពសាហាវខ្លាំងណាស់។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៤ នាក់ នៅក្នុងផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ហើយការវាយប្រហារតាមផ្លូវអាកាសមួយទៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានសម្លាប់មនុស្សពីរនាក់នៅទីក្រុង Khan Younis ផងដែរ។

អ្នកស្រុកនៅទីក្រុងហ្គាហ្សាភាគខាងជើង ក៏បានរាយការណ៍ពីការទម្លាក់គ្រាប់បែកពេញមួយយប់ និងការប្រយុទ្ធដ៏ហឹង្សានៅទីក្រុង Al-Shuja'iya ភាគខាងកើត នៃជុំរុំជនភៀសខ្លួន Jabalia ដោយបន្ថែមពីលើការទម្លាក់គ្រាប់បែកនៅតំបន់មួយផ្សេងទៀតគឺទំបន់ Sabra ផងដែរ។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយឆ្មក់បរិវេណក្រុមហាម៉ាស់ក្នុងទីក្រុង Jabalia សម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់ និងបានរកឃើញបណ្តាញផ្លូវរូងក្រោមដី កន្លែងហ្វឹកហាត់កងទ័ព និងឃ្លាំងផ្ទុកអាវុធ៕

រូបភាពពី AFP