(វ៉ាស៉ីនតោន)៖ សេចក្តីព្រាងច្បាប់ថវិកាបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែននិងអ៉ីសា្រអែល ត្រូវបានព្រឹទ្ធសភាអាមេរិករារាំងកាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលសមាជិកបក្សសាធារណរដ្ឋ កំពុងជំរុញការទាមទាររបស់ពួកគេលើវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ការបោះឆ្នោតទទួលបាន ៤៩សំលេងគាំទ្រ ទល់នឹង ៥១សំលេងប្រឆាំង ធ្វើឲ្យថវិកា ១១០.៥ពាន់លានដុល្លាដែលត្រូវការសំលេងគាំទ្រ ៦០សំលេង ក្នុងចំណោមសមាជិកសភាទាំង ១០០រូប ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅចាប់ផ្តើមដំណើរការតស៊ូមតិនោះ បង្កជាការគំរាមកំហែងមួយ ដល់កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលចង់ជំរុញឱ្យមានការផ្តល់ជំនួយសន្តិសុខថ្មី នៅមុនដំណាច់ឆ្នាំ ២០២៣។

សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានសម្តែងការព្រួយបារម្ភថា ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកនឹងជួយដល់ «យុទ្ធសាស្ត្រយោធាអមនុស្សធម៌» របស់អ៉ីស្រាអែលនាពេលបច្ចុប្បន្នប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន។ មេដឹកនាំសំលេងភាគច្រើន នៃព្រឹទ្ធសភា លោក Chuck Schumer ក៏បានកត់សម្គាល់ពីហានិភ័យ ប្រសិនបើអ៊ុយក្រែនចាញ់ ប៉ុន្តែបក្សសាធារណរដ្ឋថា វាជាករណីចាំបាច់ដែលពួកគេត្រូវធ្វើ សម្រាប់គោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង និងការគ្រប់គ្រងព្រំដែនភាគខាងត្បូង។

គួរបញ្ជាក់ថា សេចក្តីព្រាងថវិកាបណ្តោះអាសន្ននេះ នឹងផ្តល់ជំនួយសន្តិសុខថ្មីប្រហែល ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក៏ដូចជាជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ បូកនឹង ១៤ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា៕

រូបភាពពី Reuters