(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងថា ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានបាញ់មិត្តរួមថ្នាក់ម្នាក់ស្លាប់ និងបណ្តាលឱ្យរបួស៥នាក់ផ្សេងទៀត នាថ្ងៃព្រហស្បតិ៍នេះ មុនពេលសម្លាប់ខ្លួនឯងតាមក្រោយ នៅឯសាលារៀនមួយកន្លែង ក្នុងទីក្រុង Bryansk នៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

គណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា យោងតាមទិន្នន័យនៃការស្រាវជ្រាវជាបឋម គឺក្មេងស្រីអាយុ១៤ឆ្នាំខាងលើ បានយកកាំភ្លើងប្រភេទ pump-action shotgun មួយដើម ទៅសាលារៀនកើតហេតុ ហើយរូបនាងបានប្រើប្រាស់កាំភ្លើងនោះ បាញ់ទៅលើមិត្តរួមថ្នាក់។ នាពេលនេះ មូលហេតុដែលនាំឱ្យកើតមានការបាញ់ប្រហារនោះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។ ក្មេងៗ៥នាក់ ក៏បានរងរបួសផងដែរ ប៉ុន្តែស្ថានភាពពួកគេមិនសូវធ្ងន់ធ្ងរទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ក្មេងស្រីជាខ្មាន់កាំភ្លើងដែលបានសម្លាប់ខ្លួនឯង ក្រោយធ្វើសកម្មភាពបាញ់ប្រហារ គឺស្ថិតក្នុងសម្លៀកបំពាក់​ពណ៌ខ្មៅទាំងអស់ ហើយក៏មានកាំបិតមួយបំពាក់នៅជាប់ខ្លួន ថែមទៀតផង។

គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីបានមើលឃើញករណីបាញ់ប្រហារមួយចំនួន កើតមានឡើងនៅតាមសាលារៀន។ តួយ៉ាងកាលពីឆ្នាំ២០១៨ សិស្សអាយុ១៨ឆ្នាំម្នាក់ បានសម្លាប់មនុស្ស២០នាក់ ភាគច្រើនជាសិស្សដូចគ្នា ក្នុងករណីបាញ់ប្រហារទ្រង់ទ្រាយធំ នៅសាកលវិទ្យាល័យមួយ ក្នុងឧបទ្វីបគ្រីមៀ ជាតំបន់ដែលទីក្រុងមូស្គូបានក្រសោបយក ពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ រីឯកាលពីខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស១៥នាក់ ក្នុងនោះរួមមាន​កុមារ១១នាក់ និងបង្កឱ្យមនុស្ស២៤នាក់ ផ្សេងទៀតរងរបួស ក្នុងសាលារៀនមួយនៃទីក្រុង Izhevsk ជាទីដែលជនរូបនោះធ្លាប់ជាសិស្ស ហើយក៏បានធ្វើអត្តឃាតតាមក្រោយ៕

រូបភាពពី AFP