(ញូវដែលី)៖ ក្រុមមន្រ្តីនិងអ្នកជំនាញបាននិយាយថា លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងចលនាផ្តាច់ខ្លួនរបស់ក្រុមអ្នកកាន់សាសនា Sikh ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខនិងនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមមន្ត្រីសន្តិសុខឥណ្ឌានិយាយថា ពួកគេត្រូវតែបង្ក្រាបនូវរាល់ទំនាក់ទំនងរវាងក្រុម Sikh ទៅនឹងឧក្រិដ្ឋកម្មនៅក្រៅប្រទេស ដែលមានជាប់ពាក់ព័ន្ធជាមួយរដ្ឋ Punjab ដែលជាមូលដ្ឋានរបស់ពួក Sikh។ ប៉ុន្តែអ្នកជាតិនិយម Sikh បដិសេធការអះអាងនោះ ដោយនិយាយថា លោក Modi កំពុងព្យាយាមបំផ្លាញថ្នាក់ដឹកនាំរបស់ពួកគេ។ ក្រុមអ្នកអ្នករិះគន់ផ្សេងទៀតនិយាយថា លោក Modi កំពុងកេងចំណេញលើបញ្ហានេះ ដើម្បីបម្រើផលប្រយោជន៍នយោបាយ បន្ទាប់ពីកសិករ Sikh ទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យកសិកម្មឡើងវិញ។

គួរបញ្ជាក់ថា បញ្ហានៃចលនាចង់បង្កើតទឹកដី Sikh នៅឯភាគខាងជើងប្រទេសឥណ្ឌា ដែលត្រូវបង្រ្កាបតាំងពីរាប់ទសវត្សរ៍មុន បានលេចឡើងមកលើឆាកអន្តរជាតិឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិក និងកាណាដា បានចោទប្រកាន់មន្ត្រីឥណ្ឌាពីការជាប់ពាក់ព័ន្ធ ក្នុងផែនការធ្វើឃាតប្រឆាំងនឹងមេដឹកនាំផ្តាច់ខ្លួន Sikh នៅលើទឹកដីរបស់ពួកគេ។ ភាពល្អក់កករផ្នែកការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអូតាវ៉ា បានរំលេចចេញនូវឥទ្ធិពលរបស់បញ្ហាចលនាផ្តាច់ខ្លួន Sikh នៅក្នុងរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់ លោក Modi ដែលជឿជាក់ថាឈ្នះ នឹងបន្តឈ្នះការបោះឆ្នោតសកល នៅឆ្នាំ២០២៤៕

រូបភាពពី Reuters