(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីកំពូលៗនៃសហភាពអឺរ៉ុប (EU) បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង សម្រាប់កិច្ចប្រជុំទល់មុខផ្ទាល់លើកដំបូង រវាងភាគីទាំង២ ក្នុងរយៈពេល៤ឆ្នាំ ដើម្បីជជែកអំពីបញ្ហាផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមមន្រ្តីកំពូល EU ដែលរួមមាន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen, ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា EU កំពុងព្យាយាម​ស្វែងរកទំនាក់ទំនងមួយជាមួយប្រទេសចិន ដែលមានស្ថិរភាពនិងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាពមិនស្មើគ្នានិងការខ្វែងគំនិតនានា ចាំបាច់ត្រូវតែដោះស្រាយឱ្យបានត្រឹមត្រូវ។ រីឯលោក ស៉ី វិញ បានលើកឡើងថា ចិននិងសហភាពអឺរ៉ុប ត្រូវរួបរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមសកលផ្សេងៗ ហើយលោកបានទទូចឱ្យ EU ស្ម័គ្រចិត្តធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីផ្តល់ស្ថិរភាពដល់ពិភពលោក, ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក ហើយលុបបំបាត់ការជ្រៀតជ្រែកគ្រប់ប្រភេទ នៅក្នុងទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា មន្រ្តីកំពូល EU ទាំង៣រូប ក៏ត្រូវជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang អំលុងដំណើរទស្សនកិច្ចរយៈពេលត្រឹម១ថ្ងៃនេះ ផងដែរ។ វានឹងជាឱកាសចុងក្រោយ សម្រាប់អ្នកទាំង៣ ដើម្បីជួបមុខផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃប្រទេសចិន មុនពេលការបោះឆ្នោត​សភាអឺរ៉ុប ត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ ដែលនឹងនាំឱ្យមានការប្រែប្រួល ក្នុងជួរថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុប៕

រូបភាពពី Reuters