(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) មនុស្ស៣នាក់ត្រូវផ្តាច់ជីវិត និងម្នាក់ទៀតត្រូវបានបង្កឱ្យរបួស ដោយខ្មាន់កាំភ្លើងម្នាក់ មុនពេលខ្មាន់កាំភ្លើងរូបនោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅសាកលវិទ្យាល័យអាមេរិកមួយកន្លែង ស្ថិតក្នុងទីក្រុង Las Vegas។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងបរិវេណសាកលវិទ្យាល័យ Nevada នៃទីក្រុង Las Vegas។ អាជ្ញាធរប៉ូលិសនៃទីក្រុងនេះ បានបញ្ជាក់ថា ជនរងគ្រោះ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ ក៏ប៉ុន្តែស្ថានភាពរូបគេ បានវិលមករកសភាពនឹងនរហើយ។

ប៉ូលិសអាមេរិកមិនទាន់បញ្ចេញអត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា CNN និង Los Angeles Times បានរាយការណ៍ថា ខ្មាន់កាំភ្លើងគឺជាសាស្រ្តាចារ្យអាជីពម្នាក់វ័យ៦៧ឆ្នាំ ដែលមានទំនាក់ទំនងជាមួយសាលាមួយចំនួន នៅរដ្ឋ Georgia និង North Carolina ប៉ុន្តែវាមិនច្បាស់ថា ខ្មាន់កាំភ្លើងរូបនោះ មានជាប់ពាក់ព័ន្ធអ្វីជាមួយសាកលវិទ្យាល័យ Nevada ដែលជាកន្លែងផ្ទុះការបាញ់ប្រហារឡើយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីបាញ់ប្រហារ ដែលបានមនុស្សស្លាប់ឬរបួស ចាប់ពី៤នាក់ឡើងទៅ គឺចំនួនច្រើនជាង៦០០ករណីហើយ បើយោងតាមអង្គការ Gun Violence Archive។ ទីក្រុង Las Vegas គឺជាកន្លែងដែលហេតុការណ៍​បាញ់ប្រហារដ៏ប្រល័យបំផុតមួយក្នុងប្រវត្តិសាស្រ្តអាមេរិក បានកើតមានឡើង នៅពេលខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សរហូតដល់ទៅ ៦០នាក់ កាលពីឆ្នាំ២០១៧៕

រូបភាពពី Reuters