(រ៉ូម)៖ ប្រភពពីរដ្ឋាភិបាលអ៉ីតាលី បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងរ៉ូមបានជូនដំណឹងជាផ្លូវការហើយទៅកាន់ប្រទេសចិន អំពីការសម្រេចចិត្តដកខ្លួន ចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ហើយទន្ទឹមគ្នាបានច្រានចោលក្តីកង្វល់ដែលថា ការធ្វើបែបនេះ នឹងអាចបង្កផលប៉ះពាល់អវិជ្ជមាន ចំពោះទំនាក់ទំនងទ្វេភាគី និងសេដ្ឋកិច្ចរបស់ប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

កាលពីឆ្នាំ២០១៩ អ៉ីតាលីបានក្លាយជាប្រទេសលោកខាងលិចធំដំបូងគេ ហើយបើគិតមកទល់ពេលនេះ គឺតែមួយគត់ដែលបានចូលរួមក្នុង​កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម-វិនិយោគសកលខាងលើ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ យ៉ាងណាមិញ នៅពេលនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni បានឡើងកាន់អំណាចកាលពីឆ្នាំ២០២២ លោកស្រីបានប្រាប់ថា លោកស្រីមានបំណងចង់ដកអ៉ីតាលី ចេញពីកិច្ចព្រមព្រៀង BRI វិញ។

កិច្ចព្រមព្រៀងឆ្នាំ២០១៩ នឹងត្រូវផុតសុពលភាពនៅខែមីនា ឆ្នាំ២០២៤ ហើយប្រភពពីរដ្ឋាភិបាលអ៉ីតាលី បាននិយាយថា នាពេលថ្មីៗនេះ ទីក្រុងរ៉ូមបានផ្ញើលិខិតទៅកាន់ទីក្រុងប៉េកាំង ដើម្បីជូនដំណឹងប្រាប់ចិនជាផ្លូវការថា អ៉ីតាលីសម្រេចមិនបន្តសុពលភាពកិច្ចព្រមព្រៀងឡើយ។ ប្រភពរដ្ឋាភិបាលអ៉ីតាលីម្នាក់ទៀត បាននិយាយដូច្នេះថា «យើងមានបំណងរក្សាទំនាក់ទំនងល្អជាមួយចិន បើទោះបីជាយើងលែងជា​ផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវទៀតក៏ដោយ។ ប្រទេស G7 ដទៃទៀត មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ជាងយើងទៅទៀត ទោះ​ពួកគេមិនបានស្ថិតក្នុង BRI ក៏ដោយ»។ អ៉ីតាលីនឹងដល់វេនធ្វើជាប្រធាន G7 នៅឆ្នាំ២០២៤។

គួរបញ្ជាក់ថា ប្រទេសជាង១០០ បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើគម្រោង BRI គិតចាប់តាំងពី​គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៣មក៕

រូបភាពពី Reuters