(តេហេរ៉ង់)៖ អ៊ីរ៉ង់បានប្រកាសឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបញ្ជូនយាន្តអាវកាសមួយដែលដឹកសត្វចូលទៅក្នុងគន្លង ខណៈដែលខ្លួនកំពុងត្រៀមរៀបចំ សម្រាប់បេសកកម្មដឹកមនុស្សនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីរដ្ឋមន្ត្រីទូរគមនាគមន៍ លោក Isa Zarepour ដោយនិយាយថា យាន្តអាវកាសនេះត្រូវបានបាញ់បង្ហោះក្នុងរយៈចម្ងាយ ១៣០ គីឡូម៉ែត្រ ( ៨០ ម៉ាយ) ចូលទៅក្នុងគន្លង។
លោក Zarepour បានគូសបញ្ជាក់ទៀតថា ការបាញ់បង្ហោះយានអវកាសទម្ងន់ ៥០០ គីឡូក្រាមនេះ មានគោលបំណងបញ្ជូនអវកាសយានិកអ៊ីរ៉ង់ ទៅកាន់ទីអវកាសក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើសត្វប្រភេទណានៅក្នុងយាន្តអាវកាសនោះទេ។ ទូរទស្សន៍រដ្ឋបានបង្ហាញវីដេអូ នៃគ្រាប់រ៉ុក្កែតឈ្មោះ Salman ជាអ្នកដឹកយាន្តអាវកាសខាងលើចូលទៅក្នុងលំហ។
អ៊ីរ៉ង់ ម្តងម្កាលបានប្រកាសពីការជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណប និងយានអវកាសផ្សេងទៀតរបស់ខ្លួន។ ជាក់ស្តែងដូចជាកាលពីខែកញ្ញា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបប្រមូលទិន្នន័យទៅកាន់ទីអវកាសដោយជោគជ័យ។ ហើយក្នុងឆ្នាំ ២០១៣ អ៊ីរ៉ង់បានឱ្យដឹងទៀតថា ខ្លួនបានបញ្ជូនសត្វស្វាមួយក្បាលទៅកាន់លំហ ហើយបានត្រឡប់មកវិញដោយជោគជ័យផងដែរ។
គួរបញ្ជាក់ថា អ៊ីរ៉ង់តែងតែបានអះអាងថា ផ្កាយរណបរបស់ខ្លួនគឺធ្វើឡើងសម្រាប់គោលបំណងស្រាវជ្រាវវិទ្យាសាស្រ្ត និងកម្មវិធីស៊ីវិលផ្សេងទៀតប៉ុណ្ណោះ។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត មានការសង្ស័យជាយូរមកហើយចំពោះគោលបំណងនេះ ព្រោះបច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានប្រើដើម្បីអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ៕
រូបភាពពី Reuters