(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅថ្ងៃពុធ ទី៦ ខែធ្នូ ថា លោកមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់អាយុជីវិត អំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំលុងពេលបង្ហាញខ្លួនជាសាក្សីក្នុងការស៊ើបអង្កេតជាផ្លូវការ លើការដោះស្រាយការរាតត្បាតរបស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
លោក Johnson បាននិយាយនៅពេលចាប់ផ្តើមសវនាការថា លោករីករាយដែលអាចផ្តល់ភស្តុតាង និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការឈឺចាប់របស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ សវនាការត្រូវបានរំខានដោយបាតុករម្នាក់ ដែលត្រូវបានប្រធានស៊ើបអង្កេតស្នើឱ្យចាកចេញ។
លោកបាននិយាយយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា ខ្ញុំយល់ពីអារម្មណ៍របស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ ការបាត់បង់របស់ជនរងគ្រោះទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេបានជួបប្រទះ»។
លោកបានបន្តទៀតថា «វាជៀសមិនរួចទេដែលយើងបានធ្វើខុសខ្លះ» មុននឹងបន្ថែមថា «យើងបានប្រឹងប្រែងអស់ពីសមត្ថភាព» ហើយថាលោកបានទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការសម្រេចចិត្តដែលគាត់បានធ្វើ។
លោក Johnson បានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេល ៣ ឆ្នាំចន្លោះឆ្នាំ ២០១៩ និង ២០២២ ដោយបានលាលែងពីតំណែងដោយអាម៉ាស់ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងរបាយការណ៍ដែលថា លោក និងមន្ត្រីផ្សេងទៀតបានចូលរួមពិធីជប់លៀងគ្រឿងស្រវឹងនៅ Downing Street ចន្លោះឆ្នាំ ២០២០ និង ២០២១ នៅពេលដែលប្រជាជនអង់គ្លេសភាគ បង្ខំឱ្យស្នាក់តែក្នុងផ្ទះ។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២១ មនុស្សជិត ១៣០,០០០ នាក់បានស្លាប់ដោយសារកូវីដ១៩ នៅចក្រភពអង់គ្លេស ដែលជាចំនួនអ្នកស្លាប់ផ្លូវការដ៏អាក្រក់បំផុត ក្នុងចំណោមបណ្តាប្រទេសលោកខាងលិច៕
រូបភាពពី AFP