(ប៉េកាំង)៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ការលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព ប្រសិទ្ធភាពរវាង ចិននិងសហរដ្ឋអាមេរិក គឺពិតជាមានសារៈសំខាន់ណាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលជជែកគ្នានោះ លោក Blinken បានលើកឡើងអំពី ដំណើរទស្សនកិច្ចរបស់លោកនៅតំបន់មជ្ឈិមបូព៌ា និងនយោបាយការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ចំណែកក្រសួងការបរទេសចិន ក៏បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខកាទូតទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញសង្រ្គាមអ៉ីសា្រអែល-ហាម៉ាស ហើយព្រមព្រៀងរក្សាការប្រាស្រ័យទាក់ទងគ្នា អំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។
លោក Wang បាននិយាយថា អាទិភាពកំពូលនៅពេលនេះ គឺត្រូវបញ្ឈប់ការវាយប្រយុទ្ធគ្នា «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ រីឯ លោក Blinken បានថ្លែងអំណរគុណដល់ លោក Wang ដែលបានទៅកាន់ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ដើម្បីសម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាព របស់អតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger។
គួរបញ្ជាក់ថា ក្រៅពីនិយាយដល់ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក លោក Wang ក៏បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃបញ្ហាតៃវ៉ាន់ចំពោះចិន ព្រមជាមួយនិងការលើកឡើងពីបទពិសោធន៍ផ្នែកការទូតរបស់ លោក Kissinger ថាសក្តិសមក្នុងការបន្ត និងអភិវឌ្ឍដោយមនុស្សជំនាន់ក្រោយ៕