(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមចេញបម្រាមទិដ្ឋាការ លើជនជាតិជ្វីហ្វដែលជាប់ពាក់ព័ន្ធ ជាមួយអំពើហិង្សានៅក្នុងតំបន់ West Bank បន្ទាប់ពីបានអំពាវនាវឱ្យអ៉ីស្រាអែលព្យាយាមប្រឹងប្រែងទប់ស្កាត់ សកម្មភាពហិង្សាដែលបង្កឡើងដោយជនជាតិខ្លួន ដែលតាំងទីលំនៅនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា គោលនយោបាយរឹតត្បិតទិដ្ឋាការថ្មីមួយ មានគោលដៅទៅលើបុគ្គលទាំងឡាយ ដែលត្រូវបានជឿថា មានជាប់ទាក់ទងក្នុងសកម្មភាពបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ West Bank រួមមានទាំងតាមរយៈការប្រព្រឹត្តអំពើហិង្សា ឬក៏ទង្វើផ្សេងៗទៀត។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក បានព្រមានជាច្រើនលើកច្រើនសា ឱ្យអ៉ីស្រាអែលទប់ស្កាត់អំពើហិង្សាដោយក្រុមនិគមជនអ៉ីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank។ សកម្មភាពវាយប្រហារនៅទីនោះ បានកើនឡើងក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ខណៈកន្លែងតាំងទីលំនៅរបស់ពួកគេ ត្រូវបានពង្រីកកាន់តែធំទៅៗ ហើយអំពើហិង្សាក៏បានផុសផុលឡើងកាន់តែខ្លាំងថែមទៀត ចាប់តាំងពីការវាយប្រហាររបស់ ក្រុមហាម៉ាសប៉ាឡេស្ទីនលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានបង្កផ្ទុះទៅជាសង្រ្គាមរហូតមកទល់ពេលនេះ នៅឯតំបន់ Gaza Strip។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller អំលុងទស្សនកិច្ចកាលពីសប្តាហ៍មុន លោក Blinken បានបញ្ជាក់ប្រាប់ក្រុមមន្រ្តីអ៉ីស្រាអែលថា ពួកគេត្រូវតែខិតខំឱ្យខ្លាំងថែមទៀត ដើម្បីបញ្ឈប់អំពើហិង្សាជ្រុលនិយម ប្រឆាំងជនជាតិប៉ាឡេស្ទីន ហើយឱ្យជនដែលប្រព្រឹត្តទង្វើទាំងនោះ ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ បើតាមលោក Miller ខាងថ្នាក់ដឹកនាំប៉ាឡេស្ទីន ក៏ចាំបាច់ត្រូវធ្វើការបន្ថែមទៀត ដើម្បីកាត់បន្ថយការវាយប្រហាររបស់ប៉ាឡេស្ទីន ប្រឆាំងនឹងប្រជាជនអ៉ីស្រាអែល នៅ West Bank ផងដែរ។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាកាលពីឆ្នាំ១៩៦៧ អ៉ីស្រាអែលបានត្រួតត្រាតំបន់ West Bank ជាប់រហូតមក ខណៈវាជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ចង់បានធ្វើជាដែនដីស្នូល សម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ អំលុងការត្រួតត្រា អ៉ីស្រាអែលបានកសាងក៏ដូចជាពង្រីកកាន់តែធំទៅៗ នូវកន្លែងតាំងទីលំនៅជនជាតិជ្វីបនៅទីនោះ ដែលប្រទេសភាគច្រើនចាត់ទុកជាទង្វើខុសច្បាប់។ យ៉ាងណាក្តី អ៉ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ ក្រោមហេតុផលថា ជនជាតិជ្វីហ្វមានចំណងប្រវត្តិសាស្រ្ត និងសាសនាជាមួយដែនដីនោះ៕
រូបភាពពី AFP