(ហ្កាហ្សា)៖ អាជ្ញាធរនៃក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃមនុស្សបាត់បង់ជីវិត នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដោយសារសង្រ្គាមជាមួយអ៉ីស្រាអែល គឺបានបន្តកើនដល់យ៉ាងហោច១៦,២៤៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។
សង្រ្គាមដែលផ្ទុះឡើង ក្រោយព្រឹត្តិការណ៍ឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ហាម៉ាស លើប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា គឺបានប្រព្រឹត្តទៅអស់រយៈពេលជិត ២ខែមកហើយ។ ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល នាពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១,២០០នាក់ ហើយមនុស្សប្រមាណ២៤០នាក់ទៀត ត្រូវបានចាប់យកទៅតំបន់ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំង។ យ៉ាងណាក្តី ចំណាប់ខ្មាំងជាង១០០នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៉ីស្រាអែល អំលុងការផ្អាកប្រយុទ្ធគ្នារយៈពេល៧ឆ្នាំ កាលពីពេលកន្លងទៅនេះ។ ចំណាប់ខ្មាំង ដែលត្រូវបានដោះលែងទាំងនោះ ភាគច្រើនជាជនជាតិអ៉ីស្រាអែលផ្ទាល់ និងជាជនជាតិថៃ។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរនៃក្រុមហាម៉ាស ក្នុងចំណោមតួលេខអ្នកស្លាប់ខាងលើ នៅក្នុងតំបន់ Gaza គឺមានកុមារជាង៧,០០០នាក់ និងស្រ្តីជិត៥,០០០នាក់។ នាពេលនេះ យោធាអ៉ីស្រាអែល ក៏បាននិងកំពុងពង្រីកប្រតិបត្តិការវាយលុកតាមជើកគោក នៅពាសពេញដែនដីប៉ាឡេស្ទីនមួយនេះ តែម្តងផងដែរ៕
រូបភាពពី AFP