(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៉ីបានច្រានចោល សំណើដ៏សំខាន់មួយដើម្បីដោះលែង លោក Paul Whelan និង លោក Evan Gershkovich ដែលជាពលរដ្ឋអាមេរិកនិងត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Miller បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ប៉ុន្មានសប្តាហ៍មកនេះ ពួកយើងបានរៀបចំសំណើថ្មី និងសំខាន់មួយ ដើម្បីនាំទៅរកការដោះលែង លោក Whelan និងលោក Gershkovich។ ប៉ុន្តែសំណើនោះត្រូវបានរុស្ស៉ីច្រានចោល។ ការបដិសេធនេះ នឹងមិនរារាំងយើងពីការបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំពួកគេទាំងពីរត្រឡប់មកវិញនោះទេ»។ យ៉ាងនេះក្តី លោក Miller មិនផ្តល់ព័ត៌មានលម្អិតអំពីសំណើនោះទេ ហើយវាជាលើកទីមួយដែលសហរដ្ឋអាមេរិកបង្ហាញជាសាធារណៈថា មាននូវការដាក់សំណើទៅកាន់រុស្ស៉ី។

គួរបញ្ជាក់ថា លោក Paul Whelan ត្រូវបានតុលាការរុស្ស៉ីកាត់ទោសពីបទចារកម្មនៅក្នុងឆ្នាំ២០២០ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ។ រីឯអ្នកកាសែត Wall Street Journal លោក Evan Gershkovich ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ក្រោមការចោទប្រកាន់ពីបទចារកម្មដូចគ្នា ដែលអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ ប៉ុន្តែអ្នកទាំងពីរបានបដិសេធនូវការចោទប្រកាន់ទាំងនេះ៕