(ស្តុកខុល)៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ ខណៈប្រទេសក្នុងតំបន់អាត្លង់ទិកខាងជើងមួយនេះព្យាយាមពង្រឹងសម្ព័ន្ធភាពយោធាអំឡុងពេល រង់ចាំក្លាយជាសមាជិក របស់អង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «ស៊ុយអែតគឺជាដៃគូដ៏រឹងមាំ និងមានសមត្ថភាពផ្នែកការពារជាតិ ស្របតាមការតម្លៃរបស់អង្គការណាតូ ហើយនឹងកាន់តែពង្រឹងបន្ថែមទៀតនៅពេលក្លាយជាសមាជិកពេញសិទ្ធិ។ សមាជិកភាពរបស់ស៊ុយអែត ក្នុងណាតូ នឹងពង្រឹងវិស័យការពាររួមរបស់យើង ក៏ដូចជាសមត្ថភាពក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក (Euro-Atlantic)»

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បានបង្ហាញពីការំពឹងទុកលើដំណើរការចូលជាសមាជិកណាតូ ដែលអាចកើតឡើង «ឆាប់ៗ តាមដែលអាចធ្វើទៅបាន» ប៉ុន្តែមិនបានផ្តល់អំណះអំណាងប៉ាន់ស្មានណាមួយទេ ខណៈតួកគី និងហុងគ្រី មិនទាន់ផ្តល់ភ្លើងបៃតងឲ្យនៅឡើយ៕

រូបភាពពី Reuters