(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាលោកនឹងមិនក្លាយជាមេដឹកនាំផ្ដាច់ការនោះទេ ប្រសិនបើ លោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមួយចំនួនបានព្រមានថាសហរដ្ឋអាមេរិក អាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ក្លាយជាប្រទេសផ្ដាច់ការ ប្រសិនបើលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែរសួរត្រង់ៗថាតើរូបលោកនឹងក្លាយជាមេដឹកនាំផ្ដាច់ការ នៅពេលជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ដែរឬក៏យ៉ាងណា។ លោក ត្រាំ បានឆ្លើយថា «គ្មានផ្លូវនោះទេ លើកលែងតែនៅថ្ងៃមួយ»។ ពាក្យថ្ងៃមួយនៅត្រង់នេះ លោក ត្រាំបានបញ្ជាក់ថាលោកចង់ សំដៅលើលោកនឹងប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ដើម្បីបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៉ិក និងពង្រីកការខួងរុករកប្រេង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ប៉ុន្តែ លោកមិនបានទទួលស្គាល់ បរាជ័យក្រោមថ្វីដៃរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ឡើយ ហើយតែងតែអះអាងជារឿយៗថាការបោះឆ្នោតនេះមានការលួចបន្លំ សន្លឹកឆ្នោត៕

រូបភាពពី Reuters