(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថាទីក្រុងកៀវ មិនរំពឹងនោះទេថាការគាំទ្រពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត លោកខាងលិចរបស់ខ្លួននឹងធ្លាក់ចុះ ហើយក៏មិនមានភាពយឺតយ៉ាវក្នុងការប្រគល់អាវុធនោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Dmytro Kuleba ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះមុខភាពមិន ច្បាស់លាស់នៃការអនុម័តអនាគតកញ្ចប់ជំនួយយោធាពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តួយ៉ាងពីសហរដ្ឋអាមេរិកដែលកំពុងផ្ដោតលើការជួយ អ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស។

ថ្លែងបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគីហូឡង់របស់លោក គឺលោកស្រី Hanke Bruins Slot លោក Kuleba បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនធ្វើការព្យាករពីភាពយឺតយ៉ាវ ឬការធ្លាក់ចុះណាមួយនោះទេ ហើយក៏មិនព្យាករពីចំណាប់អារម្មណ៍ ឬការគាំទ្រនៅពេលខាងមុខនោះដែរ»។ លោកបន្ថែមថាអ៊ុយក្រែននឹងមិនត្រូវបានបង្ខំឱ្យចរចាជាមួយរុស្ស៉ីឡើយ រហូតទាល់តែអ៊ុយក្រែនខ្លួនឯងយល់ថាវាជាផ្លូវឆ្ពោះទៅមុខ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយយោធា និងសេដ្ឋកិច្ចពីសំណាក់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ដើម្បី តស៊ូប្រយុទ្ធប្រឆាំងកងកម្លាំងរុស្ស៉ី ចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕