(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ស្របពេលដែលប្រទេសទាំងពីរ បន្តរឹតបន្តឹងចំណងទាក់ទងផ្នែកសេដ្ឋកិច្ចក៏ដូចជាយោធា ចំពោះមុខការដាក់ទណ្ឌកម្មរបស់ក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃអង្គារនេះ នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ព័ត៌មាន ពាក់ព័ន្ធគម្រោងទស្សនកិច្ចរបស់លោក Raisi អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបដូច្នេះថា «ខ្ញុំអាចបញ្ជាក់បាន គឺនឹងមានកិច្ចចរចារវាងរុស្ស៉ី-អ៉ីរ៉ង់ នៅថ្ងៃទី៧ ខែធ្នូ»។ លោក ពូទីន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់អ៉ីរ៉ង់ កាលពីខែកក្កដា ឆ្នាំមុន ហើយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានធ្វើដំណើរទៅទីក្រុងតេហេរ៉ង់ កាលពីខែតុលា ឆ្នាំនេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយ ក្រុមរដ្ឋមន្រ្តីការបរទេសក្នុងតំបន់។
មុនមានការទទួលស្គាល់ពីវិមានក្រឹមឡាំង ប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៉ីរ៉ង់ Irna បានរាយការណ៍ថា លោកប្រធានាធិបតីអ៉ីរ៉ង់ នឹងធ្វើដំណើរមកកាន់ទីក្រុងមូស្គូ តបតាមការអញ្ជើញរបស់លោក ពូទីន ហើយបញ្ហាទ្វេភាគី រួមមានទាំងទំនាក់ទំនងសេដ្ឋកិច្ច ព្រមទាំងការជជែកអំពី បញ្ហាក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសស្ថានការណ៍នៅតំបន់ហ្កាហ្សា គឺនឹងជាអាទិភាពក្នុងរបៀបវារៈ នៃដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃនោះ។ ក្រុមលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ បានជួយគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការផ្តល់យន្តហោះដ្រូនយ៉ាងច្រើន រួមទាំងសព្វាវុធផ្សេងទៀត។
គួរបញ្ជាក់ថា យោងតាមលោក Peskov មុនទទួលស្វាគមន៍ការបំពេញទស្សនកិច្ចរបស់លោក Raisi លោក ពូទីន ខ្លួនឯងផ្ទាល់ ក៏នឹងត្រូវបំពេញទស្សនកិច្ចការងារទៅកាន់ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាជម្លោះរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស ហើយនិងនយោបាយអន្តរជាតិ។ វានឹងជាដំណើរទស្សនកិច្ចចេញទៅក្រៅប្រទេសដ៏កម្ររបស់លោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងតែពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន៕
រូបភាពពី Reuters