(ឌូបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា បេសកជនអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Saeid Iravani បាននិយាយថា ប្រទេសរបស់ខ្លួនមិនបានចូលរួមក្នុងសកម្មភាពណាមួយ ឬធ្វើការវាយប្រហារលើកងកម្លាំងយោធាសហរដ្ឋអាមេរិក នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ចំពោះការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងដែនទឹកនៃតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៉ីស្រាអែល-ហាម៉ាស ផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។ ក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមាន «ហេតុផលជាច្រើនដើម្បីជឿថា ការវាយប្រហារទាំងនេះ និងដែលចេញពីក្រុមហ៊ូទី គឺពិតជាមានអ៉ីរ៉ង់ជាខ្នងបង្អែក»

គួរបញ្ជាក់ថា ឧប្បត្តិហេតុថ្មីចុងក្រោយ គឺកប៉ាល់ពាណិជ្ជកម្មចំនួន ៣គ្រឿងបានរងការវាយប្រហារនៅចំណុចដែនទឹកអន្តរជាតិ នៃភាគខាងត្បូងសមុទ្រក្រហម កាលពីចុងសប្តាហ៍មុន។ ក្រុមហ៊ូទី ក៏បានទទួលស្គាល់ការបាញ់យន្តហោះដ្រូន និងមីស៉ីល លើនាវាអ៉ីស្រាអែលពីរគ្រឿង នៅក្នុងតំបន់នោះផងដែរ៕

រូបភាពពី Reuters