(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន បានថ្លែងថាជំនួយជួយដល់អ៊ុយក្រែនកាន់តែជិតអស់ ហើយបើសិនណាជាសភាកុងហ្គ្រេសអាមេរិកមិនអនុម័តជំនួយថ្មី ត្រូវបន្តជួយដល់រដ្ឋាភិបាលក្រុងគៀវនោះទេ។ សេតវិមានបាននិយាយថាបើសិនជាអ៊ុយក្រែនខ្វះជំនួយ វានឹងធ្វើឱ្យរដ្ឋាភិបាលក្រុងគៀវ រងការឈឺចាប់ និងវាជាការជួយរុស្ស៊ីឱ្យឈ្នះសង្គ្រាម។
សេតវិមានបានថ្លែងថាជំនួយដល់អ៊ុយក្រែនកាន់តែជិតអស់ហើយ និងរដ្ឋបាលលោក ចូ បៃដិន កំពុងតែបង្ខំសភាតំណាងរាស្ត្រដើម្បីអនុម័តជំនួយថ្មីជាបន្ថែមទៀត សម្រាប់ជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ការប្រកូកប្រកាសនូវជំនួយកាន់តែជិតអស់នេះ បានធ្វើតាមរយៈលិខិតមួយទៅកាន់បណ្តាមេដឹកនាំស្ថាប័ន សភាតំណាងរាស្ត្រ ខណៈកញ្ចប់ស្នើជំនួយកំពុងតែស្ថិតនៅទ្រឹងក្នុងស្ថាប័នសភាតំណាងរាស្ត្រដោយសារតែការគាំទ្ររបស់គណបក្សសាធារណរដ្ឋ ជុំវិញការធ្វើ សង្គ្រាមនៅអ៊ុយក្រែនកាន់តែមានភាពធ្លាក់ចុះជាលំដាប់។ សេតវិមានបានព្រមានមេដឹកនាំក្នុងស្ថាប័នសភាតំណាងរាស្ត្រកាលពីថ្ងៃចន្ទទី៤ ធ្នូថាសហរដ្ឋអាមេរិក នឹងអស់លុយរបស់ខ្លួនក្នុងជំនួយបញ្ជូនគ្រឿងសព្វាវុធទៅអ៊ុយក្រែននៅក្នុងចុងឆ្នាំនេះហើយ ដែលកត្តានោះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ Kyiv ក្នុងកិច្ចការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ប្រសិនបើណាសមាជិកក្នុងសភាកុងហ្គ្រេសបរាជ័យក្នុងការអនុម័តជំនួយយោធាជាបន្ទាន់ក្នុងពេលឆាប់ៗនេះទៀតទេ។
សេចក្តីព្រមានដាស់តឿនជាបន្ទាន់ពីមន្ត្រីថវិកាកំពូលរបស់ប្រធានាធិបតីអាមេរិក ដែលផ្ញើជាលិខិតនិយាយដោយឥតលាក់លៀមនេះគឺជាសំណើចុងក្រោយ ហើយរបស់រដ្ឋបាលលោកចូ បៃដិន ដើម្បីដាក់សម្ពាធលើគណបក្សសាធារណរដ្ឋឱ្យទម្លាក់ចោលនូវភាពជំទាស់របស់ខ្លួន លើសំណើអនុម័តជំនួយដល់អ៊ុយក្រែន។
ការប្រកូកប្រកាសបង្ខំឱ្យសភាកុងហ្គ្រេសអាមេរិកត្រូវផ្តល់ជំនួយយោធាដល់អ៊ុយក្រែន បានទន្ទឹមនឹងស្ថានការណ៍សឹកជាក់ស្តែងលើសមរភូមិដែលអ៊ុយក្រែន បានសម្រេចតិចតួចណាស់ លើលទ្ធផលវាយដណ្តើមយកទឹកដីភាគខាងកើតនិងភាគខាងត្បូងរបស់ខ្លួនវិញក្នុងយុទ្ធនាការវាយលុករដូវក្តៅនិងរដូវស្លឹកឈើជ្រុះ ខណៈដែលភាគីរុស្ស៊ីនោះវិញ បានបង្ហាញនូវភាពមាំមួនរបស់ខ្លួនជាងអ៊ុយក្រែន ដោយបានបញ្ជូនកងកម្លាំងជាបន្ថែមដាក់ពង្រាយលើសមរភូមិជាមួយ នឹងការវាយប្រហារគ្មានពេលលោះដាក់មកលើទាហានអ៊ុយក្រែននៅសមរភូមិមុខ។ រដូវត្រជាក់ឈានមកដល់នេះ នឹងមានការរំពឹងថារុស្ស៊ីនឹងអាច ធ្វើការវាយប្រហារជាលើកទី២ ដាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់អ៊ុយក្រែនដើម្បីបង្ខំឱ្យអ៊ុយក្រែនចុះញ៉មនឹងរុស្ស៊ី។
*តើសហរដ្ឋអាមេរិក នឹងបន្តជំនួយដល់អ៊ុយក្រែន ទៀតដែរឬទេ?
នាយកចាត់ចែងថវិការបស់សេតវិមានលោកស្រី Shalanda D. Young បានសរសេរនៅក្នុងលិខិតមួយបញ្ជួនទៅឱ្យស្ថាប័នសភាតំណាងរាស្ត្រ និងស្ថាប័ន ព្រឹទ្ធសភាបញ្ជាក់ថា «យើងអស់លុយហើយ ហើយជិតអស់ពេលថែមទៀត»។ លោកស្រីបានបន្តទៀតថា «ការកាត់ផ្តាច់លំហូរនៃគ្រឿងសព្វាវុធ និងគ្រឿងបរិក្ខារ របស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យអ៊ុយក្រែនទន់ខ្សោយនៅលើសមរភូមិដែលវាមិនត្រឹមតែធ្វើឱ្យមានហានិភ័យដល់ផលប្រយោជន៍ដែលអ៊ុយក្រែនបានធ្វើនោះទេ ប៉ុន្តែការបង្កើនលទ្ធភាពនៃជ័យជម្នះយោធារបស់រុស្ស៊ីថែមទៀត»។ លោកស្រីបានបញ្ជាក់ថា «នេះមិនមែនជារឿងត្រូវរង់ចាំដល់ឆ្នាំក្រោយទេ»។ លោកស្រីបន្តថា «ពេលវេលាដើម្បីជួយអ៊ុយក្រែនដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងការប្រយុទ្ធប្រឆាំងអំពើឈ្លានពានរបស់រុស្ស៊ី គឺនៅពេលនេះតែម្តង»។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ក្នុងដំណើរទស្សនកិច្ចស្វែងរកជំនួយពីសហរដ្ឋអាមេរិក ក្នុងខែកញ្ញាឆ្នាំ២០២៣កន្លងមកនេះ បានសារភាពនូវពាក្យសម្តី ប្រាប់ថ្នាក់ដឹកនាំសភាតំណាងរាស្ត្រអាមេរិកនាពេលនោះថា បើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកនោះទេ អ៊ុយក្រែនពិតជាចាញ់សង្គ្រាមជាមិនខានឡើយ។
ប៉ុន្តែ ភាពប្រែប្រួលនៃស្ថានការណ៍មិននឹងនរបស់សកលលោក មិនបានរក្សាទឹកចិត្តឱ្យសមាជិកសភាគណបក្សសាធារណរដ្ឋដែលកំពុងប្រជែងយកឈ្នះលើ ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ អាចរក្សានូវអ្វីដែលធ្លាប់សន្យាជួយគាំទ្រដ៏ខ្លាំងក្លាលើបុព្វហេតុរបស់អ៊ុយក្រែននោះទៀតបានឡើយ។
មេដឹកនាំសភាតំណាងរាស្ត្រថ្មី បាននិយាយថា គេនឹងពិចារណាលើជំនួយជាបន្ថែមប៉ុន្តែជាថ្នូរនឹងអាទិភាពគោលនយោបាយកំពូលមួយរបស់ពួកគេវិញ នោះគឺ ការផ្លាស់ប្តូរសំខាន់ៗចំពោះគោលនយោបាយព្រំដែនដើម្បីការរារាំងនូវចំនួនជនចំណាកស្រុកដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។ ការប្រកូកប្រកាសស្វែងរក ការអនុម័តសំណើជំនួយដល់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ត្រូវបានមេ ដឹកនាំស្ថាប័នសភាតំណាងរាស្ត្រ ធ្វើគធ្វើថ្លង់ចំពោះការមើលឃើញពីអនាគតបរាជ័យអ៊ុយ ក្រែនបើសិនជាគ្មានជំនួយបន្តទាន់ពេលវេលានោះទេ។ ប្រធានសភាតំណាងរាស្ត្រថ្មី លោក Mike Johnson នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Louisiana បានថ្លែងថាគណបក្សប្រជាធិបតេយ្យនៅមិនទាន់បានធ្វើអ្វីគ្រប់គ្រាន់ដើម្បីអាចទទួលបានការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ដើម្បីការបញ្ជួន ជំនួយថវិ កាយោធាជាបន្ថែមឱ្យអ៊ុយក្រែនឡើយ។
លោក Mike Johnson បានសរសេរតាមបណ្តាញសង្គមប្រតិកម្មតបនឹងលិខិតរបស់សេតវិមានថា «រដ្ឋបាលលោកJoe Biden បានបរាជ័យក្នុងការដោះស្រាយ យ៉ាងជាក់ស្តែងនូវកង្វល់ នីតិវិធីអំពីកង្វះខាតយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងអ៊ុយក្រែន ដែលជាផ្លូវដើម្បីដោះស្រាយទំនាស់ ឬផែនការសម្រាប់ការធានាឱ្យបាន គ្រប់គ្រាន់នូវការទទួលខុសត្រូវចំពោះជំនួយដែលផ្តល់ដោយពលរដ្ឋអាមេរិកជាអ្នកបង់ពន្ធ»។ លោកបានបញ្ជាក់បន្តថា «សមាជិកសភាគណបក្សសាធារណរដ្ឋ បានសម្រេចចិត្តថាកញ្ចប់ជាបន្ថែមនៃជំនួយសន្តិសុខជាតិណាមួយ គឺត្រូវតែចាប់ផ្តើមពីព្រំដែនរបស់យើង»។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ការកំណត់ឱសានវាទរបស់គណបក្សសាធារណរដ្ឋ និងការបាត់បង់មូលនិធិអ៊ុយក្រែន បានជំរុញឱ្យក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ព្យាយាមជជែកអំពីកិច្ចព្រមព្រៀងមួយស្តីពីនយោបាយព្រំដែន។
ប៉ុន្តែ ការចរចារបានរអាក់រអួលនៅពេលដែលសមាជិកសភាជាច្រើនបាននិយាយថាគេមិនអាចដោះស្រាយការជាប់គាំងលើសំណើទាមទារព្រំដែនដ៏ធ្ងន់ធ្ងរបំផុត មួយចំនួនរបស់គណបក្សសាធារណរដ្ឋបានឡើយ។ បញ្ហាដដែលនេះកំពុងឈានចូលមកដល់ក្នុងសប្តាហ៍នេះទៀត ខណៈដែលស្ថាប័នព្រឹទ្ធសភា ដឹកនាំដោយ គណបក្សប្រជាធិបតេយ្យនឹងរៀបចំបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍នេះលើជំនួយ ដែលផ្តោតលើអ៊ុយក្រែនជាង៦១ពាន់លានដុល្លារ ដែលជាផ្នែកនៃកញ្ចប់ សន្តិសុខជាតិចំនួន ១០៦ពាន់លានដុល្លារ ដែលក្នុងនោះទៀត ក៏រួមមានមូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាផងដែរ។
សេចក្តីព្រាងច្បាប់នេះ ត្រូវការការបោះឆ្នោតពីគណបក្សសាធារណរដ្ឋ ដើម្បីបន្តកិច្ចការឆ្ពោះទៅមុខ។ ប៉ុន្តែភាពជាប់គាំង បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យ និងសេតវិមានគ្មានជម្រើស ក្នុងការធានាបានឡើយក្រៅពីការគាបសង្កត់សមាជិកសភាក្នុងគណបក្សសាធារណរដ្ឋ ដែលធ្លាប់បាននិយាយគាំទ្រអ៊ុយក្រែន កាលពីមុនដើម្បីឱ្យបោះបង់ចោលលើការទាមទារសន្តិសុខព្រំដែន ដោយធ្វើការព្យាករណ៍ថាវានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនផ្តល់ជំនួយនោះទេ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «សមាជិកសភាណាដែលមិនគាំទ្រការផ្តល់មូលនិធិ សម្រាប់អ៊ុយក្រែននោះទេ នោះគឺគេបោះឆ្នោតគាំទ្រលទ្ធផលដែលនឹងធ្វើឱ្យលោកពូទីននឹងងាយស្រួលយកឈ្នះនៅលើសមរភូមិ»។ លោក Jake Sullivan បានថ្លែងបន្តថា «ការបោះឆ្នោតប្រឆាំងមិនផ្តល់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន គឺនឹងធ្វើឱ្យអ៊ុយក្រែនរងការឈឺចាប់ និងវាជាការជួយរុស្ស៊ីវិញនោះទេ»។ លោកបន្តថា «វានឹងធ្វើឱ្យមានភាពឈឺចាប់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាការជួយជនផ្តាច់ការ…ហើយយើងគិតថា នោះមិនមែនជាមេរៀនត្រឹមត្រូវនៃប្រវត្តិសាស្ត្រទេ។ លោក Jake Sullivan និយាយបញ្ជាក់ចុងក្រោយថា សមាជិកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋគ្រប់រូប គួរតែបោះឆ្នោតគាំទ្ររឿងផ្តល់ជំនួយ ដល់អ៊ុយក្រែននេះ»។
សម្តីសារភាពបញ្ជាក់របស់សេតវិមានដែលនិយាយអំពីការខ្វះជំនួយដល់អ៊ុយក្រែននេះ បានធ្វើឱ្យមានជម្លោះផ្ទៃក្នុងរបស់ខ្លួន។ មន្ត្រីមួយចំនួនក្នុង ក្រសួងការពារជាតិអាមេរិក បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះការអះអាងដែលថាសហរដ្ឋអាមេរិកអស់ថវិកា ដោយសារពួកគេនៅតែបន្តចាយលុយ ជាង១០០លានដុល្លារនៃតម្លៃអាវុធ និងគ្រាប់រំសេវពីឃ្លាំងស្តុកទុករៀងរាល់សប្តាហ៍។ មន្ត្រីយោធាទាំងនោះបាននិយាយថាពួកគេរំពឹងនឹងអាចពង្រីកការនាំចេញ ដើម្បីធ្វើឱ្យប្រាក់ នៅសល់ចំនួន៤ពាន់៨០០លានដុល្លារចុងក្រោយនឹងមានរយៈពេលវែងរហូតដល់រដូវរងាឯនោះ។
មន្ត្រីក្រសួងការពារជាតិក៏រំពឹងថា គ្រឿងសព្វាវុធ និងបរិក្ខារយោធាថ្មីៗតម្លៃរាប់ពាន់លាន ដែលទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះថែមទៀត។ សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីបានធ្វើការវាយប្រហារអ៊ុយក្រែនតាំងខែកុម្ភៈដើមឆ្នាំ២០២២ នោះមក, សភាបានចំណាយប្រាក់ចំនួន១១១ ពាន់លានដុល្លារហើយលើកិច្ចខិតខំប្រឹងប្រែង ធ្វើសង្រ្គាមរបស់រដ្ឋាភិបាលក្រុងគៀវ។ ប៉ុន្តែនៅពេលដែលលទ្ធផលនៃ ការធ្វើសង្គ្រាមបានបង្ហាញលទ្ធផលមិនល្អដូចតាមការគ្រោងទុកនៅជាមួយនឹងការរិះគន់ពីពលរដ្ឋអាមេរិកខ្លះ ដែលមិនចង់ចំណាយខ្ជះខ្ជាយច្រើនលើសង្គ្រាមក្នុង ប្រទេសអ៊ុយក្រែន និងស្ថានភាពផ្ទុះឡើង នៃសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន និងក្នុងខណៈពេលដែលដំណើរការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនឹងមកដល់ក្នុងខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះទៀត ការផ្តោតយកចិត្តទុកដាក់លើបញ្ហាអ៊ុយក្រែន មិនបានផ្តោតខ្លាំងដូចមុនទៀតឡើយ។
ប្រធានសភាតំណាងរាស្ត្រថ្មី លោក Mike Johnson ដែលបានបោះឆ្នោតប្រឆាំងម្តងហើយម្តង ទៀតចំពោះជំនួយសម្រាប់ប្រទេសអ៊ុយក្រែន បានប្រាប់សមាជិក ព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថាសមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនគាំទ្រការផ្តល់ជំនួយបន្ថែមទៀតសម្រាប់រដ្ឋាភិបាលក្រុង Kyiv ឡើយ លុះត្រាតែច្បាប់នោះត្រូវបានភ្ជាប់ ទៅនឹងច្បាប់ដែលបានអនុម័តដោយសភារបស់លោកកន្លងមកដើម្បីស្តារឡើងវិញនូវគោលនយោបាយដ៏តឹងតែងរបស់ អតីតសម័យលោកដូណាលត្រាំ។
ព្រឹទ្ធសមាជិកលោក Lindsey Graham មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina បាននិយាយកាលពីថ្ងៃអាទិត្យនៅតាមកម្មវិធីទូរទស្សន៍ស៊ីអិនអិន អាមេរិកថា «ខ្ញុំនឹងមិនបោះឆ្នោតគាំទ្រលើជំនួយណាមួយឡើយរហូតដល់មានការធានាព្រំដែនរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមិនជួយអ៊ុយក្រែនទេ ទាល់តែយើងជួយខ្លួនឯងសិន»។ ខណៈដែលជោគវាសនានៃជំនួយរបស់អ៊ុយក្រែននៅតែស្ថិតក្នុងកម្រិតមិនទាន់ច្បាស់លាស់ ប្រទេសជាសម្ព័ន្ធមិត្តក៏មាន ការព្រួយបារម្ភដែរជុំវិញថាតើសហរដ្ឋអាមេរិកនឹងរក្សាការគាំទ្ររបស់ខ្លួនក្នុងសង្គ្រាមជិតពីរឆ្នាំរបស់អ៊ុយក្រែននេះដែរឬយ៉ាងណា?
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់មុននេះរួចមកហើយនូវការចាញ់ដ៏ធំមួយប្រសិនបើសហរដ្ឋអាមេរិកនឹងបញ្ចប់ការផ្តល់ជំនួយ ដល់អ៊ុយក្រែនមែននោះ។ លោកបានថ្លែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកាថា៖ «យើងត្រូវការរកជ័យជម្នះបី» ប៉ុន្តែ បានបន្ថែមថា ការរកជ័យជម្នះទីមួយគឺជាមួយនឹងសភា ដែលវាកំពុងមានការប្រឈមនឹងឧបសគ្គ»។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក្នុងពេលបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov នៅក្នុងក្រុង Brussels កាលពីថ្ងៃច័ន្ទ បានថ្លែងលើកទឹកចិត្តនិងបញ្ជាក់ «ការគាំទ្ររយៈពេលវែង» របស់សម្ព័ន្ធមិត្តយោធាណាតូ។
ប៉ុន្តែមួយថ្ងៃមុនជំនួបនោះ គឺនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាឡឺម៉ង់ ARD លោក Stoltenberg បាននិយាយថា បើទោះបីជាប្រទេសនានា គួរគប្បីត្រូវតែ គាំទ្រអ៊ុយក្រែនតាមកាលៈទេសៈល្អនិងអាក្រក់ក៏ដោយ «យើងក៏ត្រូវតែត្រៀមរៀបចំបង្កាដំណឹងអាក្រក់នោះវិញផងដែរ»។ នៅលើសមរភូមិនោះវិញ ទាហានអ៊ុយក្រែនបាននិយាយប្រាប់ក្រុមសារព័ត៌មានថាបរិមាណអាវុធរបស់សហរដ្ឋអាមេរិក និងឧបករណ៍ផ្សេងទៀត បានចាប់ផ្តើមប្រើនិងនៅសល់កាន់តែ តិចទៅជាលំដាប់។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងកងអង្គភាពកាំភ្លើងធំជួរមុខមួយ ភាគ ខាងជើងនៃទីក្រុង Avdiivka, ទាហានមានលទ្ធភាពទទួលបាន គ្រាប់កាំភ្លើងផ្លោងបាញ់ត្រឹមតែ ២០គ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលខុសគ្នាក្នុងការវាយលុកក្នុងរដូវក្តៅដែលពួកគេអាចបាញ់អាវុធនេះលើស៥ដង៕
រូបភាពពី Reuters