(សៅប៉ូឡូ)៖ អាជ្ញាធរប្រេស៉ីល នឹងអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមកិច្ចប្រជុំ G20 ដែលប្រទេសរបស់ខ្លួន ត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៤ ទោះបីជាប្រេស៉ីលស្ថិតនៅក្រោមយុត្តាធិការ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកន្លងបានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៉ីរូបនេះ ពីបទជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមក្តី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គា ទី៥ ខែធ្នូ ឆ្នាំ២០២៣។

កាសែតក្នុងស្រុករបស់ប្រេស៉ីល បានរាយការណ៍ដោយដកស្រង់សម្តីរបស់ លោកប្រធានាធិបតី Luiz Inacio Lula da Silva ដែលគូសបញ្ជាក់ថា «មិនថា លោក ពូទីន មកឬមិនមក គឺអាស្រ័យលើរូបលោក ប៉ុន្តែលោកនឹងត្រូវបានអញ្ជើញ។ លោក ពូទីន ប្រាកដជាមានការលំបាក ដោយតែមានដីការចាប់ខ្លួនពី ICC»។ យ៉ាងនេះក្តី ការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ត្រូវបានកំណត់ពេលនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ហើយវិមានក្រឹមឡាំងធ្លាប់បានបញ្ជាក់ថា លោក ពូទីន នៅមិនទាន់សម្រេចចិត្តឈរឈ្មោះ ក្នុងការបោះឆ្នោតនេះនៅឡើយទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នឹងត្រូវរៀបចំឡើងនៅចុងឆ្នាំ ២០២៤ ក្នុងប្រទេសប្រេស៉ីល ដែលបានបន្តកាន់តំណែងជាប្រធានប្តូរវេន កាលថ្ងៃទី១ ខែធ្នូកន្លងទៅ៕

រូបភាពពី AFP