(កដ្ឋមណ្ឌូ)៖ ប្រទេសនេប៉ាល់បាននិយាយថា ខ្លួនបានស្នើឱ្យទីក្រុងមូស្គូឈប់ទទួលយកពលរដ្ឋនេប៉ាល់ ចូលទៅបម្រើកងទ័ពរុស្ស៉ី និង​បញ្ជូនទាហាននេប៉ាល់ទាំងឡាយណា ដែលបានចូលបម្រើយោធានៅទីនោះ ត្រឡប់មកវិញជាបន្ទាន់ ហើយបានអះអាងថាជនជាតិនេប៉ាល់៦នាក់ ដែលចូលបម្រើទ័ពរុស្ស៉ី បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

ទាហាននេប៉ាល់ ដែលហៅថា Gurkhas គឺកំពុងបម្រើនៅក្នុងកងទ័ពរបស់ចក្រភពអង់គ្លេសក៏ដូចជាឥណ្ឌា ក្រោយការទទួលបានឯករាជ្យ​នៃប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៤៧ នៅក្រោមកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំង៣។ យ៉ាងណាមិញ ប្រទេសនៃតំបន់ជួរភ្នំហិម៉ាល័យមួយនេះ មិនមានកិច្ចព្រមព្រៀងបែបនោះជាមួយរុស្ស៉ីឡើយ ដែលជាប្រទេស កំពុងបន្តធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។

កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលនេប៉ាល់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនជាតិខ្លួន៦នាក់ ដែលបានបម្រើក្នុងយោធារុស្ស៉ី គឺបានបាត់បង់ជីវិត ប៉ុន្តែមិនមានការបញ្ជាក់ខ្លឹមសារលម្អិតបន្ថែមនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋាភិបាលនេប៉ាល់ បានស្នើឱ្យ​រដ្ឋាភិបាលរុស្ស៉ីបញ្ជូនសាកសពពួកគេត្រឡប់មកមាតុភូមិវិញ និងផ្តល់សំណងជំងឺចិត្តដល់គ្រួសារពួកគេ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ដដែល កិច្ចប្រឹងប្រែងផ្នែកការទូតកំពុងតែប្រព្រឹត្តទៅ ដើម្បីឱ្យមានការដោះលែងពលរដ្ឋនេប៉ាល់ម្នាក់ ដែលបានបម្រើកងទ័ពរុស្ស៉ី ហើយត្រូវបានអ៊ុយក្រែនចាប់ជាឈ្លើយសឹក។ មិនតែប៉ុណ្ណោះ នេប៉ាល់ក៏បានទទូចឱ្យពលរដ្ឋខ្លួន កុំចុះឈ្មោះចូល​បម្រើយោធានៃប្រទេសណាមួយ ដែលស្ថិតក្នុងសង្រ្គាម ឬជម្លោះប្រដាប់អាវុធផងដែរ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសនេប៉ាល់ផ្ទាល់ ដែលបានស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំទីក្រុងមូស្គូ មានជនជាតិនេប៉ាល់ចន្លោះ១៥០-២០០នាក់ កំពុងតែធ្វើការជាទាហានស៉ីឈ្នួលក្នុងជួរកងទ័ពរុស្ស៉ី៕

រូបភាពពី Reuters