(ហ្សាការតា)៖ នៅថ្ងៃអង្គារនេះ ភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៉ីរាប់រយនាក់ កំពុងព្យាយាមប្រឹងប្រែងយ៉ាងខ្នះខ្នែង ដើម្បីតាមស្វែងរុករក​អ្នកដើរឡើងភ្នំចំនួន១០នាក់ទៀត ដែលបានបាត់ខ្លួន ក្រោយហេតុការណ៍បន្ទុះភ្នំភ្លើងមួយ ដែលបានសម្លាប់មនុស្សយ៉ាងតិចចំនួន១៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកដើរកម្សាន្តព្រៃភ្នំដែលត្រូវបានរកឃើញស្លាប់ ក្រោយហេតុការណ៍ផ្ទុះនៃភ្នំភ្លើង Marapi បានកើនដល់១៣នាក់ បន្ទាប់ពីសាកសព២នាក់ទៀត ទើបតែត្រូវបានរកឃើញ។ ប្រធានទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃទីក្រុង Padang ក្នុងខេត្តស៊ូម៉ាត្រាខាងលិច បានប្រាប់ថា នាពេលនេះ តួលេខអ្នកស្លាប់គឺ១៣នាក់ ខណៈអ្នកបាត់ខ្លួន១០នាក់ទៀត កំពុងស្ថិតក្រោមការបន្ត​ស្វែងរក។ សាកសពអ្នកឡើងភ្នំ២នាក់ថ្មី ត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ។

គួរបញ្ជាក់ថា ភ្នំភ្លើង Marapi គឺជាភ្នំភ្លើងសកម្មបំផុតនៅលើកោះស៊ូម៉ាត្រា ខណៈប្រទេសឥណ្ឌូណេស៉ី មានភ្នំភ្លើងសកម្មបំផុតសរុបជិត​១៣០។ ភ្នំភ្លើងនេះបានផ្ទុះជះផេះនិងផ្សែង ខ្ពស់ឡើងទៅលើផ្ទៃអាកាសកម្ពស់ប្រហែល ៣,០០០ម៉ែត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយសាកសពមនុស្ស១១នាក់ដំបូង ត្រូវបានរកឃើញកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕

រូបភាពពី Reuters