(ញូវដែលី)៖ នៅថ្ងៃអង្គារនេះ ព្យុះស៉ីក្លូនមួយឈ្មោះថា Michaung បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបានជន់លិចផ្លូវនិងផ្ទះសម្បែង នៅភាគខាងត្បូង​នៃប្រទេសឥណ្ឌា ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចចំនួន៩នាក់ ក្នុងនោះរួមមានទាំងក្មេងម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

ព្យុះស៉ីក្លូន Michaung បានបោកបក់មកដល់រដ្ឋ Andhra Pradesh កាលពីខ្ទង់ម៉ោង១១ព្រឹកថ្ងៃអង្គារនេះ (ពេលវេលាក្នុងតំបន់) ជាមួយ​កម្លាំងខ្យល់ល្បឿនអតិបរមា ១១០គីឡូម៉ែត្រក្នុង១ម៉ោង។ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៨,០០០នាក់ ត្រូវបានជម្លៀស​ចេញទៅកាន់កន្លែងសុវត្ថិភាព។ ឥទ្ធិពលនៃព្យុះស៉ីក្លូននេះ បានបណ្តាលឱ្យក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ស្លាប់នៅទីក្រុង Tirupati ខណៈមនុស្ស​៨នាក់ផ្សេងទៀត បានបាត់បង់ជីវិត ក្នុងទីក្រុង Chennai ជារដ្ឋធានីនៃរដ្ឋ Tamil Nadu ដែលនៅក្បែរខាងគ្នា។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូន ដែលស្មើនឹងព្យុះហឺរីខិននៅភាគខាងជើងមហាសមុទ្រអាត្លង់ទិច និងព្យុះទីហ្វុងនៅភាគពាយព្យមហាសមុទ្រប៉ាស៉ីហ្វិក គឺជាបាតុភូតធម្មជាតិកើតមានឡើងជាប្រចាំ ដែលគំរាមកំហែងចំពោះតំបន់ឆ្នេរនៅ​ភាគខាងជើងមហាសមុទ្រឥណ្ឌា ជាទីដែលមនុស្សរាប់លាននាក់រស់នៅ៕

រូបភាពពី Reuters