(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ Gaza Strip និងបានរិះគន់ប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសតួកគីដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍នោះ បានរិះគន់អ៊ីស្រាអែលយ៉ាងចាស់ដៃ ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។ មនុស្សជាង ១៥,៥០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល។

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បាននិយាយថា ប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែលកំពុងផ្តល់ «ការគាំទ្រដោយគ្មានលក្ខខណ្ឌក្នុងការសម្លាប់ទារក» ហើយពួកគេមានការជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មមួយនេះ។

លោក Erdogan បាននិយាយដោយសំដៅលើអតីតប្រធានាធិបតីយូហ្គោស្លាវី លោក Slobodan Milosevic ដែលត្រូវបានកាត់ទោសយ៉ាងដូច្នេះថា «លើសពីឧក្រិដ្ឋជនសង្រ្គាម លោក Netanyahu ដែលជាឃាតកសម្លាប់ប្រជាជនហ្គាហ្សា នាពេលនេះ នឹងត្រូវកាត់ទោសដូចលោក Milosevic ជុំវិញប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម នៅសាលាក្តីនៅទីក្រុងឡាអេ»។

លោកបានបន្ថែមថា «អ្នកដែលព្យាយាមមើលរំលងការសម្លាប់មនុស្សស្លូតត្រង់ទាំងអស់នេះ ដោយប្រើលេសនៃក្រុមហាម៉ាស គ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សជាតិទេ» ដោយសំដៅទៅលើមហាអំណាចលោកខាងលិច ដែលគាត់បានពិពណ៌នាថា «ពិការភ្នែក និងថ្លង់»។

គួរបញ្ជាក់ថា ផ្ទុយពីសម្ព័ន្ធមិត្តលោកខាងលិចភាគច្រើន និងរដ្ឋឈូងសមុទ្រមួយចំនួន តួកគីដែលជាសមាជិកអង្គការណាតូ មិនបានចាត់ទុកក្រុមហាម៉ាស់ជាក្រុមភេរវករទេ ហើយក៏ជាម្ចាស់ផ្ទះ សម្រាប់សមាជិករបស់ក្រុមនេះមួយចំនួនផងដែរ៕

រូបភាពពី Reuters