(ស៉ីដនី)៖ ប្រមុខការទូតបារាំង បានអំពាវនាវនៅថ្ងៃចន្ទនេះ ឲ្យចិនគិតគូរឡើងវិញ អំពីអាកប្បកិរិយារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយនិយាយថា «ពិភពលោកមិនត្រូវការវិបត្តិថ្មីទៀតនោះទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពេលចូលរួមក្លឹបសារព័ត៌មានអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា លោកស្រីរដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna បានលើកឡើងថា ចិនគួរតែដើរតួនាទីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក។ លោកស្រី Colonna បានបញ្ជាក់ថា «យើងពិតជាមានការព្រួយបារម្ភពី អ្វីដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ចំពោះកងទ័ពជើងទឹកអូស្ត្រាលី ក៏ដូចជាអ្វីដែលបានកើតឡើងចំពោះហ្វីលីពីន កាលពីប៉ុន្មានសប្តាហ៍មុន»។ លោកស្រី Colonna បានបន្ថែមថា «សន្តិភាព និងស្ថិរភាពត្រូវតែមាននៅច្រកសមុទ្រតៃវ៉ាន់ ហើយប្រាកដណាស់ពិភពលោកមិនត្រូវការវិបត្តិថ្មីនោះទេ។ ផ្អែកលើហេតុផលទាំងអស់នេះ យើងនឹងបន្តចូលរួមជាមួយចិនក្នុងន័យស្ថាបនា ហើយបង្កើតភាពវិជ្ជមាននៅក្នុងកិច្ចសហប្រតិបត្តិការ»

គួរបញ្ជាក់ថា ចិនបាននិងកំពុងបង្កើនសកម្មភាពយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់ ខណៈឆ្មាំសមុទ្រចិនរងការចោទប្រកាន់ពី បទយាយីដល់ទូកនេសាទហ្វីលីពីន នៅចំណុចដែនទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ចំណែក កាលពីខែវិច្ឆិកា អូស្ត្រាលីក៏បានរិះគន់ទីក្រុងប៉េកាំងថា ប្រព្រឹត្តសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដោយអ្នកមុជទឹកនៃកងទ័ពជើងទឹកម្នាក់របស់ខ្លួន បានរងរបួស ដោយសារតែឧបករណ៍ចាប់សំឡេង ពីនាវាចម្បាំងរបស់ចិនដែលបើកមកជិត៕

រូបភាពពីឆ្មាំសមុទ្រហ្វីលីពីន