(ប៉េកាំង)៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចេញផ្សាយជាផ្លូវការនូវ សញ្ញាសម្គាល់ Logo នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង២០២៤។

អក្សរ «龘(dá)» តំណាងឱ្យកាយវិការកំពុងហោះហើររបស់នាគរាជ ដែលពិពណ៌នាថា ប្រជាជនចិនចំនួន១៤០០លាននាក់ កំពុងបន្តខិតខំតស៊ូ។ ដោយសារក្នុងប្រវត្តិសាស្ត្រជាង ៥ពាន់ឆ្នាំរបស់ប្រទេសចិន នាគបានក្លាយជានិមិត្តរូបស្មារតី និងសញ្ញាវប្បធម៌របស់ប្រជាជាតិចិន។

សូមបញ្ជាក់ថា សញ្ញាសម្គាល់រាត្រីសមោសរចូលឆ្នាំរោង២០២៤ រចនាដោយលោក Gu Yongjiang ដែលធ្លាប់រចនានិមិត្តសញ្ញានៃវិស្វកម្មរុករកភពព្រះចន្ទរបស់ប្រទេសចិន និងវិស្វកម្មរុករកភពផ្កាយប្រទេសចិន មានរូបរាងចេញអក្សរផ្ចង់បុរាណចិន តែមើលហាក់ដូចបន្ទះឈីបមួយ។ រាងអក្សរបុរាណតភ្ជាប់នឹងបច្ចេកវិទ្យាទំនើប បុរាណកាលតភ្ជាប់នឹងពេលបច្ចុប្បន្ន ហើយបន្តដល់ពេលអនាគត។

សូមបញ្ជាក់ផងដែរថា រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រោមប្រធានបទ “នាគរាជហោះហើរត្រាច់ចរ នាំមកនូវិបុលភាពជូនជាតិមាតុភូមិ” ក្នុងគោលបំណងណាត់ជួប ប្រិយមិត្តទស្សនិកជនពិភពលោក បន្តជួបជុំគ្នានៅយប់ដាច់ឆ្នាំចាស់ឆ្នាំថោះ ចែករំលែកការសម្តែងវប្បធម៌ចិនដ៏អស្ចារ្យ ហើយពោរពេញដោយមនោសញ្ចេតនាស្មោះត្រង់ ដើម្បីរួមគ្នាទទួលឆ្នាំថ្មីឆ្នាំរោងដែលសម្បូរភាពរស់រវើក ពោរពេញដោយក្តីសង្ឃឹម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន