(ប៉េកាំង)៖ ថ្ងៃទី ៣០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល ស្តីពីការជំរុញការអភិវឌ្ឍដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ នៅក្រុងសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ តំបន់ដីសណ្ដទន្លេយ៉ងសេជាផ្នែកសំខាន់មួយ នៃការជំរុញការអភិវឌ្ឍដោយសម្របសម្រួល តាមតំបន់នៃប្រទេសចិន។

តើការអភិវឌ្ឍតាមតំបន់របស់ចិនមានគំនិតបែបណា? តើការធ្វើសមាហរណកម្មតំបន់ដីសណ្ដទន្លេយ៉ងសេមានអត្ថន័យយ៉ាងណា? តើត្រូវធ្វើយ៉ាងណាដើម្បីជំរុញការអភិវឌ្ឍសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ? ខាងក្រោមនេះ យើងនាំគ្នាឈ្វេងយល់ពីគំនិតនៃការអភិវឌ្ឍ ដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេរបស់លោក Xi Jinping ប្រធានរដ្ឋចិន។

តើការអភិវឌ្ឍតាមតំបន់របស់ចិនត្រូវបានរៀបចំចាត់ចែងដោយរបៀបណា?

ការជំរុញការអភិវឌ្ឍអន្តរតំបន់ដោយសម្របសម្រួប ជាការរៀបចំជាយុទ្ធសាស្រ្តនៃការអភិវឌ្ឍរបស់ចិន។ និយាយជារួម គឺអនុលោមតាមក្រឹត្យក្រមសេដ្ឋកិច្ចធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគោលនយោបាយតំបន់ ដើម្បីបញ្ចេញគុណសម្បត្តិរបស់តំបន់នានា និងបង្កើនសមត្ថភាពផ្ទុកសេដ្ឋកិច្ចនិងប្រជាជន នៃទីក្រុងស្នូលនិងបណ្ដុំទីក្រុង។ បច្ចុប្បន្ននេះ ប្រទេសចិនមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ តាមតំបន់ចំនួន ៦ ដែលបូករួមទាំងការអភិវឌ្ឍតំបន់ភាគខាងលិចដោយទ្រង់ទ្រាយធំ ការស្តារនិងអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មចាស់ៗ តំបន់ឦសាន្តដោយគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានូវរដ្ឋធានីប៉េកាំងនិងតំបន់ជុំវិញ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ នៃតំបន់ភាគកណ្តាល ការកសាងមហាឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវតាមឆ្នេរសមុទ្រភាគខាងត្បូង និងការអភិវឌ្ឍដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ នៃតំបន់អភិវឌ្ឍន៍ភាគខាងកើត។

តើការធ្វើសមាហរណកម្មតំបន់ដីសណ្ដទន្លេយ៉ងសេមានអត្ថន័យយ៉ាងណា?

តំបន់ដីសណ្ដទន្លេយ៉ងសេរួមមានក្រុងសៀងហៃនិងខេត្តនៅជុំវិញ គឺខេត្ត Jiangsu ខេត្ត Zhejiang និងខេត្ត Anhui ដែលបានបង្កើតជាខ្សែក្រវាត់ទីក្រុង(megalopolis)។ វាគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចផុលផុសបំផុត មានកម្រិតបើកទូលាយខ្ពស់បំផុត និងមានសមត្ថភាពច្នៃប្រឌិតថ្មីខ្លាំងបំផុត ទំហំសេដ្ឋកិច្ចស្មើនឹងជិត ១ភាគ៤នៃទូទាំងប្រទេសចិន ទំហំវិនិយោគរបស់ពាណិជ្ជករបរទេសស្មើរនឹង ៣៩%នៃទូទាំងប្រទេសចិន។

៥ឆ្នាំមុន លោក Xi Jinping បានប្រកាសពីការគាំទ្រការអភិវឌ្ឍដោយសមាហរណកម្មនៃតំបន់ដីសណ្ដទន្លេយ៉ងសេ ហើយតម្លើងជាយុទ្ធសាស្ត្រជាតិ។ អនុលោមតាម «សេចក្តីសង្ខេបនៃផែនការអភិវឌ្ឍន៍ដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ» ដែលប្រទេសចិនបានប្រកាសបន្ទាប់មក តំបន់នេះនឹងក្លាយទៅជាតំបន់ប៉ូលកំណើនសេដ្ឋកិច្ច ប្រភពកម្លាំងចលករនៃការអភិវឌ្ឍ និងតំបន់សាកល្បងកំណែទម្រង់នៃប្រទេសចិន ដែលនឹងបម្រើនិងធ្វើជាសរសរស្តម្ភ សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីធ្វើជាគំរូសម្រាប់ការអភិវឌ្ឍដោយសមាហរណកម្ម នៃតំបន់នៅទូទាំងប្រទេសចិន។

តើត្រូវធ្វើយ៉ាងណាដើម្បីអភិវឌ្ឍដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ?

ក្នុងកិច្ចប្រជុំសំណេះសំណាល លោក Xi Jinping បានលើកឡើងសំណូមពរកាន់តែខ្ពស់ចំពោះការអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ និងបានចង្អុលបង្ហាញពីរបៀបលម្អិត រួមមានការបង្កើនការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ធ្វើឱ្យល្អពេញលេញនូវយន្តការនិងរបបនៃការអភិវឌ្ឍដោយសមាហរណកម្ម បង្កើនការរួមគ្នាអភិរក្សបរិស្ថានអេកូឡូស៊ី និងលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយសុវត្ថិភាពជាដើម។

លោកបានគូសបញ្ជាក់ថា តំបន់ដីសណ្ដទន្លេយ៉ងសេត្រូវតែអនុវត្តយ៉ាងសកម្ម នូវការបើកទូលាយដោយស៊ីសង្វាក់គ្នាជាន់ខ្ពស់ បង្កើនការរៀនសូត្របទពិសោធខាងកំណែទម្រង់ទៅវិញទៅមក និងចម្លងបទពិសោធល្អៗ ខិតខំប្រឹងប្រែងដើម្បី ក្លាយទៅជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់សម្រួល ភាពវិលជុំធំនៃសេដ្ឋកិច្ចចិន និងមជ្ឈមណ្ឌលយុទ្ធសាស្រ្តដែលតភ្ជាប់ ភាពវិលជុំទាំងជាតិនិងអន្តរជាតិ។ ត្រូវពន្លឿនកសាងមជ្ឈមណ្ឌលទាំង៥នៃក្រុងសៀងហៃ គឺមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឈមណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលអាកាសចរណ៍ និង មជ្ឈមណ្ឌលនវានុវត្តន៍ខាងបច្ចេកវិទ្យា និងជំរុញឱ្យការអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយ ការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។

ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងគ្រប់កាលៈទេសៈថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយនឹងមិនកែប្រែទេ ការអភិវឌ្ឍរបស់ចិននឹងជាកាលានុវត្តភាពនៃពិភពលោក។ ស្របពេលដែលការអភិវឌ្ឍដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ ត្រូវបានជំរុញដោយស៊ីជម្រៅ តំបន់នេះនឹងត្រូវបានបង្កើតជាតំបន់សំខាន់ នៃការបើកទូលាយចំពោះក្រៅប្រទេសកម្រិតខ្ពស់ ដែលមុខជានឹងមានសារសំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន