(ប៉េកាំង)៖ បច្ចុប្បន្ន សម្ភារៈដែលប្រើប្រាស់នៅក្នុងផ្ទះមានភាពកាន់តែទំនើបទៅៗ ដែលផ្តល់ភាពងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង នេះគឺបានមកពីការអភិវឌ្ឍនៃវិទ្យាសាស្ត្រ។ អាយុកាលរំពឹងទុកជាមធ្យមរបស់មនុស្សយើង មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះគឺដោយសារការវិវឌ្ឍនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលបានជួយព្យាបាលជំងឺនិងថែទាំ សុខភាពមនុស្សយើងកាន់តែមានប្រសិទ្ធភាពនិងស័ក្តសិទ្ធភាព។ មធ្យមបាយធ្វើដំណើរកាន់តែមានភាពទំនើបនិងប្រកបដោយផាសុកភាព នេះគឺដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនទៅៗ។ល។ អ្វីៗទាំងនេះបានបង្ហាញថា វិទ្យាសាស្ត្របាននាំមកនូវការផ្លាស់ប្តូរ បែបលោតផ្លោះសម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង។

ឈានចូលយុគសម័យថ្មី ប្រទេសចិនបានខិតខំជំរុញការអភិវឌ្ឍប្រទេសជាតិតាមរយៈវិទ្យាសាស្ត្រ ដែលបានធ្វើនវានុវត្តន៍និងទំនើបកម្ម លើវិស័យនានា។ រដ្ឋាភិបាលចិនបានដាក់ចេញទិសដៅការងារជាច្រើន ដើម្បីឆ្ពោះទៅការអភិវឌ្ឍបៃតង កាបូនទាប និងប្រកបដោយចីរភាព តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា៖ «រដ្ឋាភិបាលចិនផ្តោតសំខាន់លើការងារ ធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រកាន់ខ្ជាប់ការចាត់ទុកនវានុវត្តន៍ជាកម្លាំងចលករទីមួយសម្រាប់ដឹកនាំការអភិវឌ្ឍ ។ ការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាការសាកល្បងដែលមនុស្សជាតិរួមគ្នាឆ្លើយតបនឹងហានិភ័យ និងជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍ»

អាស្រ័យហេតុនេះ ប្រទេសចិនបានខិតខំជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីនាំមកនូវសុខសុភមង្គលកាន់តែច្រើនជូនដល់មនុស្សជាតិ។ នៅក្រុង Tengchong នៃខេត្តយូណានប្រទេសចិន បានបង្កើតនូវ «ឃុំអ្នកវិទ្យាសាស្ត្រ» និងសាលប្រជុំអចិន្ត្រៃយ៍សម្រាប់រៀបចំ កិច្ចប្រជុំអ្នកវិទ្យាសាស្ត្រ។ ដោយឡែក វេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ២០២៣ ដែលបានរៀបចំពីថ្ងៃទី ១-៣ ខែធ្នូនេះ ជាការជួបជុំរវាងអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកជំនាញ បញ្ញវន្ត និងសហគ្រិនជាដើម ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីវិធីសាស្ត្រអភិវឌ្ឍន៍ តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងន័យជំរុញឱ្យវិទ្យាសាស្ត្រដើរតួនាទី កាន់តែសំខាន់ក្នុងការអភិវឌ្ឍ។

«វេទិកាមេគង្គ-ឡានឆាងស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ការផ្លាស់ប្តូរប្រជាជននិងប្រជាជន» ជាសកម្មភាពដ៏សំខាន់មួយនៃវេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ២០២៣ ដែលបានផ្តោតលើការអភិវឌ្ឍនៃឱសថបុរាណ នៃបណ្តាប្រទេសមេគង្គ‑ឡានឆាង ដើម្បីរំលេចពីគុណប្រយោជន៍និងតួនាទីដ៏សំខាន់នៃឱសថបុរាណ ចំពោះដំណើរវិវឌ្ឍរីកចម្រើននៃសង្គមមនុស្សជាតិ។

លោកវេជ្ជបណ្ឌិត ហួត ធាង អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ នៃក្រសួងសុខាភិបាលកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកានេះ បានថ្លែងថា «វេទិកានេះបានធ្វើឡើងដើម្បីចែករំលែកបទពិសោធស្តីពីចំណេះដឹង ជំនាញ និងការរកឃើញថ្មីៗទាក់ទងនឹងវេជ្ជសាស្ត្របុរាណ នៃអនុតំបន់ទន្លេមេគង្គ និងដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ ឆ្លងតាមរយៈការរៀបចំវេទិកានេះ ក៏បានបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៦ នៃមេគង្គ-ឡានឆាង ជាពិសេសមិត្តភាពរវាងបណ្តាប្រទេសជាមួយប្រទេសចិន ដែលប្រទេសចិនតែងយកចិត្តទុកដាក់ទៅលើផ្នែកវេជ្ជសាស្ត្របុរាណ ហើយតែងផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភ ចំពោះបណ្តាប្រទេសទាំងបច្ចេកទេសនិងថវិកា ក្នុងនោះ កម្ពុជាទទួលបានបទពិសោធថ្មីៗ តាមរយៈការចែករំលែករបស់ប្រទេសចិន»

ជាក់ស្តែង អ្វីដែលថ្នាក់ដឹកនាំចិនតែងគូសបញ្ជាក់គឺ «ការអភិវឌ្ឍរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក» , «ប្រទេសចិនត្រូវការពិភពលោក ពិភពលោកក៏ត្រូវការប្រទេសចិន» នេះជាជំហររបស់ប្រទេសចិនដែលរីករាយក្នុងការចែករំលែក សមិទ្ធផលនៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេស ពោលគឺជោគវាសនារបស់ប្រទេសចិន បានផ្សារភ្ជាប់ជាមួយពិភពលោក ការអភិវឌ្ឍរបស់ចិនជាការអភិវឌ្ឍរបស់ពិភពលោក។

ក្នុងមួយឆ្នាំៗ ប្រទេសចិនបានរៀបចំសកម្មភាពអន្តរជាតិរាប់រយសកម្មភាព ដើម្បីចែករំលែកពីបទពិសោធអភិវឌ្ឍន៍ល្អៗរបស់ខ្លួន និងដើម្បីរៀនសូត្រទៅវិញទៅមកជាមួយបណ្តាប្រទេសនានា នេះមានន័យថា បណ្តាប្រទេសជាមិត្តបានដឹងបានយល់បន្ថែមទៀត ពីការបូកសរុបបទពិសោធដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ពិសេសបទពិសោធក្នុងសម័យទំនើបរបស់ប្រទេសចិនលើគ្រប់វិស័យ ហើយផ្លាស់ប្តូរបទពិសោធគ្នាដើម្បីស្វែងរកការអភិវឌ្ឍរួម។ ជាការពិតណាស់ ពុទ្ធិនិងបទពិសោធខុសៗគ្នាជាកត្តាដែលនាំឱ្យយើង មានតម្រូវការខាងការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីអាចបំផុសគំនិតថ្មីៗនិងឈានទៅរកការរកឃើញថ្មី ដែលបម្រើដល់ឧត្តមប្រយោជន៍របស់មនុស្សជាតិទាំងមូល៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន