(រីយ៉ាដ)៖ យោធាអាមេរិក បានឱ្យដឹងថាកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង បានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ នៃតំបន់សមុទ្រក្រហម ខណៈ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសយេម៉ែនបានអះអាងពីការវាយប្រហារលើកប៉ាល់អ៉ីស្រាអែល ២គ្រឿង ដោយប្រើយន្ដហោះដ្រូន និងមីស៊ីល។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ូទីបានអះអាងថាកងទ័ពជើងទឹករបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ បានវាយប្រហារលើកប៉ាល់ ២គ្រឿងរបស់អ៉ីស្រាអែលមានឈ្មោះ Unity Explorer និង Number 9 ដោយប្រើដ្រូនប្រដាប់អាវុធមួយគ្រឿង និងមីស៊ីលមួយគ្រាប់។ ប៉ុន្តែ ខាងអ្នកនាំពាក្យយោធាអ៉ីស្រាអែលបានច្រានចោលដោយ បញ្ជាក់ថាកប៉ាល់ទាំង ២គ្រឿងមិនមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែលនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយតាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យក្រុមហ៊ូទី បាននិយាយថាការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការទាមទាររបស់ ប្រជាជនយេម៉ែន និងការអំពាវនាវឱ្យយេម៉ែនឈរជាមួយប្រជាជនប៉ាឡេស្ទីន។ ចំណែក យោធាអាមេរិកវិញបាននិយាយដែរថានាវាពិឃាត USS Carney បានបាញ់ទម្លាក់យន្ដហោះដ្រូន ៣គ្រឿង អំឡុងធ្វើអន្តរគមន៍ការពារកប៉ាល់ពាណិជ្ជកម្មទាំងនោះ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ូទីក៏ធ្លាប់បានអះអាងដែរថាពីការរឹបអូសកប៉ាល់ដឹកនាំទំនិញមួយគ្រឿងរបស់អ៉ីស្រាអែល ហើយក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃតំបន់ឆ្នេររបស់យេម៉ែន ក្នុងតំបន់សមុទ្រក្រហម បានបាញ់មីស៊ីល និងយន្ដហោះដ្រូនជាច្រើនលើករួចមកដែរតម្រង់ទៅរក អ៉ីស្រាអែល និងបានសន្យាបង្កើនការវាយប្រហារបន្ថែម ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា៕

រូបភាពពី AFP