(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា យោធារបស់ចក្រភពអង់គ្លេស នឹងធ្វើការហោះហើរឈ្លបយកការណ៍លើតំបន់ហ្គាហ្សា ដើម្បីជួយកំណត់ទីតាំងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ចាប់ខ្លួន ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា មកលើប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា ទីក្រុងឡុងដ៍មិនបានបញ្ជាក់ថាពេលណា ដែលជើងហោះហើរឃ្លាំមើលយោធានៅក្នុងតំបន់នឹងចាប់ផ្តើមនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ពួកគេនឹងប្រតិបត្តិការដោយគ្មានអាវុធ ដោយនឹងផ្តោតតែលើកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះចំណាប់ខ្មាំងតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះចំណាប់ខ្មាំង ក្រសួងការពារជាតិចក្រភពអង់គ្លេស នឹងធ្វើការហោះហើរឈ្លបយកការណ៍លើសមុទ្រមេឌីទែរ៉ាណេភាគខាងកើត រួមទាំងធ្វើការនៅក្នុងដែនអាកាសលើទឹកដីអ៊ីស្រាអែល និងតំបន់ហ្គាហ្សាផងដែរ»។
សេចក្តីថ្លែងការបានបន្ថែមថា «យន្តហោះឈ្លបយកការណ៍នឹងគ្មានអាវុធ គ្មានតួនាទីប្រយុទ្ធណាមួយឡើយ ហើយនឹងទទួលភារកិច្ចកំណត់ចំណាប់ខ្មាំងតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថា ក្រុមយុទ្ធជនហាម៉ាស់ បានចាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសប្រមាណ ២៤០នាក់ធ្វើជាចំណាប់ខ្មាំង។ ពួកគេប្រហែល ១១០ នាក់ត្រូវបានដោះលែងចាប់តាំងពីពេលនោះមក ជាពិសេសក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ថ្មីៗនេះ។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ ហើយបានស្តីបន្ទោសក្រុមហាម៉ាស់។ ការចាប់ផ្តើមប្រយុទ្ធគ្នាឡើងវិញនេះ បានធ្វើឱ្យមានក្តីសង្ឃឹមសម្រាប់ការដោះលែងអ្នកទោសជាង ១៣០ នាក់ ដែលកងទ័ពអ៊ីស្រាអែលបាននិយាយថា ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សានៅឡើយនោះ ត្រូវបានរលាយសាបសូន្យ។
ចក្រភពអង់គ្លេសបាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋអង់គ្លេស ១២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ហើយ ៥ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលក្រុមហាម៉ាសចាប់ខ្លួនជាចំណាប់ខ្មាំងនោះទេ។
អ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដោយប្តេជ្ញាថានឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយប្រិតបត្តិការយោធាផ្លូវអាកាស និងជើងគោកបានធ្វើឡើងបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សជាង ១៥,០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល៕